ព្រះត្រៃបិដក ភាគ ៦០
បើស្ត្រីណា ទ័លក្រ កំព្រា មិនមានបបុស គឺមានះ មានតែកន្ទេលជាគំរប់ពីរ តែស្ត្រីនោះជាទីស្រឡាញ់របស់ប្តី ស្រ្តីណាទោះកំព្រា តែជាទីស្រឡាញ់ (របស់ប្តី) ស្រ្តីនេះឯងប្រសើរជាងស្ត្រីដែលប្រកបដោយអង្គគ្រប់យ៉ាង ដែលមិនជាទីស្រឡាញ់ (របស់ប្តី)។
[៥៤៦] (តាបស…) ស្រ្តីណាជាគុណរបស់បុរស ស្ត្រីនោះគេរកបានក្រក្រៃលែង ភស្តាណាជាគុណរបស់ស្ត្រី ភស្តានោះគេរកបានដោយក្រ ម្នាលបា ជាធំជាងជន ភរិយារបស់អ្នក ជាគុណ (នៃអ្នក) ផង ជាស្ត្រីមានសីលផង អ្នកចូរប្រព្រឹត្តធម៌ចំពោះនាងសម្ពុលា។
[៥៤៧] (ព្រះរាជាសោត្ថិសេន…) ម្នាលនាងសម្ពុលាមានភោគៈបានហើយដ៏ច្រើន បើនាងឆ្លងផុតចាកសេចក្តីប្រាថ្នា ដល់នូវមរណៈ អញ និងពួករាជកញ្ញាទាំងអស់របស់នាងនេះ នឹងធ្វើតាមពាក្យរបស់នាង។
ចប់ សម្ពុលាជាតក ទី៩។
ភណ្ឌុតិណ្ឌុកជាតក ទី១០
[៥៤៨] (ភណ្ឌុតិណ្ឌុកទេវតាពោធិសត្វពោលថា) សេចក្តីមិនប្រហែសជាឧបាយឲ្យបាននូវព្រះនិព្វាន ឈ្មោះអមតៈ សេចក្តីប្រហែស ជាផ្លូវនៃសេចក្តីស្លាប់ ពួកជនអ្នកមិនប្រហែស ឈ្មោះថាមិនស្លាប់ ពួកជនណា ជាអ្នកប្រហែស ពួកជននោះដូចជាស្លាប់ហើយ។
ID: 636873058830446059
ទៅកាន់ទំព័រ៖