ព្រះត្រៃបិដក ភាគ ៦០
ក្នុងវេលាយប់ ពួកចោរស៊ី (ប្លន់) ក្នុងវេលាថ្ងៃ ពួកអ្នករាជការបៀតបៀនស៊ីក្នុងដែនព្រះរាជាខូចកាច ជនមិនប្រកបដោយធម៌មានច្រើន កាលបើរាស្ត្ររស់នៅដោយលំបាក ចិញ្ចឹមប្រពន្ធបានដោយលំបាក តើពួកនាងកុមារីបានប្តីអំពីណា។
[៥៥៥] (អ្នកភ្ជួរជេរថា) គោឈ្មោះសាលិយៈនេះ ត្រូវផាលមុតហើយ ដេកស្រតឹកយ៉ាងណា សូមឲ្យព្រះរាជាក្រុងបញ្ចាល ត្រូវគេសម្លាប់ដោយលំពែងក្នុងសង្គ្រាម ដេកយ៉ាងនោះចុះ។
[៥៥៦] (បុរោហិត…) នែបុរសលាមក អ្នកណាខុសខ្លួនឯង ហើយផ្តាសាព្រះរាជា អ្នក (នោះ) ឈ្មោះថា ខឹងចំពោះព្រះរាជាព្រហ្មទត្តដោយហេតុមិនត្រូវតាមធម៌ទេ។
[៥៥៧] (អ្នកភ្ជួរ…) ម្នាលព្រាហ្មណ៍ ខ្ញុំខឹងចំពោះព្រះរាជាព្រហ្មទត្ត ដោយហេតុត្រឹមត្រូវតាមធម៌ (ព្រោះថា) ពួកអ្នកជនបទ ស្តេចមិនរក្សា ទ្រង់បៀតបៀន ដោយសួយសារអាករ មិនប្រកបដោយធម៌។ ក្នុងវេលាយប់ ពួកចោរស៊ី ក្នុងវេលាថ្ងៃ ពួកអ្នករាជការបៀតបៀនស៊ីក្នុងដែនព្រះរាជាខូចកាច ជនមិនប្រកបដោយធម៌មានច្រើន។ ស្រ្តីជាអ្នកនាំបាយមកនោះ ប្រាកដជាដាំម្តងទៀត បានជានាំបាយមកក្នុងវេលារសៀល ខ្ញុំកំពុងរកមើលនូវស្ត្រីអ្នកនាំបាយមក គោឈ្មោះសាលិយៈ ក៏ត្រូវផាលមុត។
ID: 636873059917148214
ទៅកាន់ទំព័រ៖