ព្រះត្រៃបិដក ភាគ ៦០
ចត្តាលីសនិបាតជាតក
តេសកុណជាតក ទី១
[៥៦៧] (ព្រះបាទព្រហ្មទត្តសួរថា) ម្នាលសត្វស្លាប អញសូមសួរអ្នកឈ្មោះវេស្សន្តរៈ សេចក្តីចំរើន ចូរមានដល់អ្នក កិច្ចដូចម្តេចដែលអញជាអ្នកប្រាថ្នាដើម្បីសោយរាជ្យ ធ្វើហើយប្រសើរ។
[៥៦៨] (មៀមឈ្មោះវេស្សន្តរៈទូលថា) យូរណាស់ហើយ បិតារបស់ខ្ញុំព្រះអង្គព្រះនាម កំសៈ ជាអ្នកសង្គ្រោះក្រុងពារាណសី ទ្រង់ប្រហែស ជាបិតាចិញ្ចឹម បានចោទសួរនូវខ្ញុំព្រះអង្គ ជាកូនមិនប្រហែស។
[៥៦៩] (ខ្ញុំទូលថា) មុនដំបូង ព្រះរាជាត្រូវហាមឃាត់នូវពាក្យឃ្លៀងឃ្លាត សេចក្តីក្រោធ និងការសើចរឡេះរឡោះ តពីនោះ គប្បីធ្វើនូវកិច្ចទាំងឡាយ បពិត្រក្សត្រ បុរាណកបណ្ឌិតទាំងឡាយ បានពោលនូវពាក្យដែលខ្ញុំព្រះអង្គក្រាបទូលនោះ ថាជាវត្ត។ បពិត្រព្រះបិតា កម្មចំពោះហេតុដ៏ក្តៅក្រហាយណា ដែលព្រះអង្គធ្វើហើយ ក្នុងកាលមុន ឥតសង្ស័យ ព្រះអង្គត្រេកត្រអាលក្តី ទ្រង់ខ្ញាល់ក្តី ធ្វើនូវកម្មណា ព្រះអង្គមិនត្រូវធ្វើនូវកម្មនោះ តទៅទៀតទេ។
ID: 636873061221422815
ទៅកាន់ទំព័រ៖