ព្រះត្រៃបិដក ភាគ ៦០
បពិត្រព្រះអង្គអ្នកញ៉ាំងរាស្ត្រឲ្យចំរើន កាលបើក្សត្រិយ៍ប្រហែសហើយ ភោគសម្បត្តិទាំងអស់ក្នុងដែន នឹងវិនាសទៅ សេចក្តីវិនាសនោះ លោកពោលថាជាទុក្ខរបស់ព្រះរាជា។ បពិត្រព្រះបិតា បុគ្គលមានសិរី និងបុគ្គលមានបុណ្យ ដែលសុចិបរិវារសេដ្ឋីសួរហើយ បានពោលពាក្យនេះថា ខ្ញុំត្រេកអរចំពោះបុរសមានសេចក្តីខ្មីឃ្មាត មានសេចក្តីប្រឹងប្រែង ជាអ្នកមិនច្រណែន។ បពិត្រមហារាជ បុគ្គលកាឡកណ្ណី ជាអ្នកកាច់បំបាក់នូវចក្រ គឺកុសល តែងត្រេកអរក្នុងបុរសជាអ្នកច្រណែន មានចិត្តអាក្រក់ ជាអ្នកប្រទូស្តចំពោះកល្យាណកម្ម។ សូមព្រះអង្គមានហ្ឫទ័យល្អចំពោះពួកជនទាំងពួង សូមព្រះអង្គរក្សានូវពួកជនទាំងពួង បពិត្រមហារាជ សូមព្រះអង្គបណ្តេញនូវបុគ្គលឥតបុណ្យចេញ សូមព្រះអង្គយកបុគ្គលមានបុណ្យ មកជាទីពំនាក់វិញ។ បពិត្រព្រះអង្គជាម្ចាស់ដែនកាសី ព្រោះថាបុរសមានបុណ្យ បរិបូណ៌ដោយបញ្ញា តាំងនៅក្នុងអធ្យាស្រ័យដ៏ធំ រមែងកាត់បង់នូវគល់ និងចុង នៃសត្រូវទាំងឡាយបាន។ បពិត្រព្រះអង្គជាម្ចាស់នៃមនុស្ស ដូចយ៉ាងព្រះឥន្ទ្រក៏មិនប្រហែសក្នុងការខ្មីឃ្មាតដែរ លោកធ្វើនូវការព្យាយាមចំពោះកម្មដ៏ល្អ ទាំងធ្វើព្រះហ្ឫទ័យក្នុងការខ្មីឃ្មាត (ជាដរាប)។
ID: 636873061392792616
ទៅកាន់ទំព័រ៖