ព្រះត្រៃបិដក ភាគ ៦០
បពិត្រអាឡារៈ លោកចូរធ្វើសេចក្តីស្រឡាញ់ចំពោះស្រ្តីទាំងនុ៎ះ ខ្ញុំនឹងឲ្យដល់លោក ៗ ចូរឲ្យស្រ្តីទាំងនោះបំរើចុះ។
[៦៣១] អាត្មាភាពបានទទួលដឹងរសនៃកាមគុណជាទិព្វ អស់មួយឆ្នាំ កាលនោះ អាត្មាភាពសួរតទៅទៀតថា ព្រះអង្គជានាគ បាននូវសម្បត្តិនេះ ព្រោះធ្វើនូវកម្មអ្វី ព្រះអង្គបានវិមានដ៏ប្រសើរ ដោយប្រការដូចម្តេច។ ព្រះអង្គបានដោយមិនមានហេតុ ឬកើតអំពីបុគ្គលណាមួយ បង្អោនមកថ្វាយព្រះអង្គ ព្រះអង្គធ្វើឯង ឬពួកទេវតាថ្វាយ បពិត្រនាគរាជ ខ្ញុំសួរសេចក្តីនេះនឹងព្រះអង្គៗ បានវិមានដ៏ប្រសើរ ដោយប្រការដូចម្តេច។
[៦៣២] វិមាននេះ មិនមែនខ្ញុំបានដោយមិនមានហេតុទេ មិនមែនកើតអំពីបុគ្គលណាបង្អោនមកថ្វាយខ្ញុំទេ ខ្ញុំមិនមែនធ្វើដោយខ្លួនឯង ទាំងមិនមែនទេវតាឲ្យខ្ញុំទេ វិមាននេះ ខ្ញុំបានដោយកម្មរបស់ខ្លួន ជាអំពើឥតបាប គឺជាបុណ្យ។
[៦៣៣] វត្តរបស់ព្រះអង្គដូចម្តេច ព្រហ្មចារ្យ តើដូចម្តេច នេះជាវិបាកនៃកម្មដែលប្រព្រឹត្តល្អហើយដូចម្តេច បពិត្រនាគរាជ សូមព្រះអង្គប្រាប់សេចក្តីនុ៎ះដល់ខ្ញុំ វិមាននេះ តើព្រះអង្គបានហើយ ដោយប្រការដូចម្តេច។
ID: 636873070754668085
ទៅកាន់ទំព័រ៖