ព្រះត្រៃបិដក ភាគ ៦០
អ្នកចូរចូលទៅរកសមណៈទាំងនោះ តាមកាលគួរក្នុងទីនោះ ហើយចូរសាកសួរចុះ ប្រយោជន៍ណា ដែលជាទីពេញចិត្តរបស់អ្នក លោកនឹងប្រាប់នូវប្រយោជន៍នោះ ជាប្រយោជន៍ក្នុងលោកនេះ និងក្នុងលោកខាងមុខ (ដល់អ្នក) តាមទំនងនៃការចេះដឹង (របស់លោក)។
[១០១] (កូនព្រានព្រៃបានត្រាស់ជាព្រះបច្ចេកពុទ្ធ ហើយក៏សំដែងថា) ភាពជាព្រានព្រៃនុ៎ះ អាត្មាអញបានលះបង់ហើយ អាត្មាអញបានលះបង់នូវភាពនៃខ្លួនជាព្រានព្រៃក្នុងថ្ងៃនេះ ដូចពស់សកនូវសំណកចាស់ជាន់មុន ឬក៏ដូចដើមឈើមានស្លឹកខៀវ (ជម្រុះចោល) នូវស្លឹកលឿង។
[១០២] (បច្ចេកពុទ្ធធ្វើសច្ចកិរិយាថា) ពួកបក្សីណាច្រើនរយ ដែលអាត្មាអញបានចងទុកក្បែរលំនៅ (របស់ខ្លួន) អាត្មាអញនឹងឲ្យនូវជីវិតដល់សត្វទាំងឡាយនោះ ក្នុងថ្ងៃនេះ អាត្មាអញបានរួចចាកកិលេសហើយ សត្វទាំងនោះ ចូរទៅកាន់លំនៅរបស់ខ្លួនចុះ។
ID: 636872903177793236
ទៅកាន់ទំព័រ៖