ព្រះត្រៃបិដក ភាគ ៦០

​ពួក​ពាណិជ​ល្ងង់​ ​ដែល​ត្រូវ​មោហៈ​បិទបាំង​ ​ក៏​ប្រឹក្សា​នូវ​ហេតុ​ទី​ ​៤​ ​ថា​ ​បើ​ដូច្នោះ​ ​យើង​ជាពួក​ឈ្មួញ​ ​នឹង​កាត់​នូវ​មែកឈើ​ខាងជើង​នោះ​ទៀត​។​ ​សោត​ឯ​មែក​នោះ​ ​គ្រាន់តែ​ត្រូវ​ពួក​ឈ្មួញ​កាត់​ដាច់​ភ្លាម​ ​ក៏​ហូរចេញ​នូវ​កែវ​មុក្តា​ ​និង​កែវ​ពៃទូរ្យ​ដ៏​ច្រើន​ផង​ ​នូវ​ប្រាក់​ផង​ ​នូវ​មាស​ផង​ ​នូវ​កម្រាល​សម្រាប់​ក្រាល​លើ​ខ្នង​ដំរី​ជាដើម​ផង​ ​នូវ​កម្រាល​រោមសត្វ​ជាដើម​ផង​ ​នូវ​សំពត់​ដែលគេ​ធ្វើ​ក្នុង​ដែន​កាសី​ផង​ ​នូវ​សំពត់​កម្ពល​ឈ្មោះ​ឧទ្ទិ​យា​នៈ​ផង​ ​ពាណិជ​ទាំងនោះ​ ​ក៏​វេច​យក​នូវ​ភារៈ​ ​ដរាប​ទាល់តែ​អស់ចំណង់​ក្នុង​ទីនោះ​។​ ​ពួក​ពាណិជ​ល្ងង់​ ​ដែល​ត្រូវ​មោហៈ​បិទបាំង​ ​ក៏​ប្រឹក្សា​នូវ​ហេតុ​ទី​ ​៥​ ​ថា​ ​បើ​ដូច្នោះ​ ​ពួក​យើង​នឹង​កាត់ត្រង់​គល់ឈើ​នោះ​ ​មុខ​ជា​នឹង​បាន​ច្រើនជាង​នេះ​ទៅទៀត​ ​គ្រានោះ​ ​ពួក​ឈ្មួញ​ធំ​ក្រោក​ឡើង​ ​ផ្គង​អញ្ជលី​អង្វរ​ថា​ ​ដើម​ជ្រៃ​ប្រទូស្ត​ពួក​អ្នក​ដូចម្តេច​ ​ម្នាល​ពាណិជ​ទាំងឡាយ​ ​សេចក្តី​ចំរើន​ចូរ​មានដល់​អ្នក​ចុះ​។​ ​មែក​ខាងកើត​ ​បាន​ឲ្យទឹក​ងូត​ផង​ ​មែក​ខាងត្បូង​ ​បាន​ឲ្យបាយ​ ​និង​ទឹក​ផង​ ​មែក​ខាងលិច​ ​បាន​ឲ្យ​នាង​នារី​ទាំងឡាយ​ផង​ ​មែក​ខាងជើង​ ​បាន​ឲ្យ​នូវ​សេចក្តី​ប្រាថ្នា​គ្រប់យ៉ាង​ផង​ ​ដើម​ជ្រៃ​ប្រទូស្ត​ពួក​អ្នក​ដូចម្តេច​ ​ម្នាល​ពាណិជ​ទាំងឡាយ​ ​សេចក្តី​ចំរើន​ចូរ​មានដល់​អ្នក​ចុះ​។​ ​
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 636872905184247999
ទៅកាន់ទំព័រ៖