ព្រះត្រៃបិដក ភាគ ៦០
សាធិនរាជជាតក ទី១១
[១២៣] (ពួកអ្នកនគរពោលថា ស្តេចរបស់យើង) ចំឡែកណាស់តើ គួរឲ្យព្រឺរោម កើតឡើងក្នុងលោក រថជាទិព្យបានកើតប្រាកដដល់ស្តេចវិទេហៈ ព្រះអង្គមានយស។
[១២៤] (អភិសម្ពុទ្ធគាថា) ទេវបុត្រឈ្មោះមាតលី ជាទេវសារថី មានប្ញទ្ធិច្រើនបានអញ្ជើញព្រះបាទវិទេហៈ ព្រះអង្គគ្រប់គ្រងក្រុងមិថិលាថា បពិត្រព្រះរាជាដ៏ប្រសើរ ជាម្ចាស់នៃទិស សូមព្រះអង្គយាងឡើងកាន់រថនេះ ទេវតាទាំងឡាយជាន់តាវត្តឹង្ស ព្រមទាំងព្រះឥន្ទ ចង់ឃើញព្រះអង្គ ព្រោះទេវតាទាំងឡាយរលឹកព្រះអង្គ នៅរង់ចាំក្នុងរោងឈ្មោះសុធម្មា។ លំដាប់នោះឯង ព្រះបាទវិទេហៈ ព្រះនាមសាធិន ព្រះអង្គគ្រប់គ្រងក្រុងមិថិលា ទ្រង់យាងឡើងកាន់រថ ទឹមដោយសេះច្រើន ហើយបានយាងទៅក្នុងសំណាក់នៃទេវតាទាំងឡាយ (ព្រះរាជាជាធំ ទ្រង់ប្រថាប់លើទិព្វយានឈ្មោះហយវាហី ដែលទឹមដោយសេះច្រើន កំពុងយាងទៅ ក៏បានទតឃើញទេវសភានេះ) ពួកទេវតាបានឃើញព្រះរាជានោះមកដល់ហើយ ក៏ត្រេកអរស្មោះចំពោះថា បពិត្រមហារាជ ព្រះអង្គយាងមកស្រួលហើយ មិនមែនយាងមកដោយមិនស្រួលទេ បពិត្រព្រះរាជាអ្នកស្វែងរកគុណដ៏ប្រសើរ ឥឡូវនេះ សូមព្រះអង្គទ្រង់គង់ក្នុងសំណាក់នៃទេវរាជចុះ។
ID: 636872905813303979
ទៅកាន់ទំព័រ៖