ព្រះត្រៃបិដក ភាគ ៦០

​ឯ​ព្រះឥន្ទ​ ​ក៏​ទទួលរាក់ទាក់​ចំពោះ​ព្រះបាទ​វិទេហៈ​ ​ព្រះអង្គ​គ្រប់គ្រង​ក្រុង​មិថិលា​ ​ព្រះឥន្ទ​បាន​អញ្ជើញ​ដោយ​កាម​ទាំងឡាយ​ផង​ ​ដោយ​អាសនៈ​ផង​ថា​ ​ប្រពៃ​ណាស់​ហើយ​ ​ព្រះអង្គ​បាន​ដល់​អាវាស​របស់​ទេវតា​ទាំងឡាយ​ ​ដែល​ញ៉ាំង​គេ​ឲ្យ​ប្រព្រឹត្ត​ក្នុង​អំណាច​ខ្លួន​ ​បពិត្រ​ព្រះរាជា​អ្នក​ស្វែងរក​គុណ​ដ៏​ប្រសើរ​ ​សូម​ព្រះអង្គ​គង់នៅ​ក្នុង​ពួក​ទេវតា​ដែល​សម្រេច​នូវ​កាម​គ្រប់យ៉ាង​បាន​ ​សូម​ព្រះអង្គ​សោយ​នូវ​កាម​ទាំងឡាយ​ ​ដែល​មិនមែន​ជា​របស់​មនុស្ស​ ​ក្នុង​ពួក​ទេវតា​ជាន់​តាវត្តឹង្ស​ចុះ​។​
 [​១២៥​]​ ​(​ព្រះបាទ​សា​ធិ​នរា​ជ​…​)​ ​កាលពីដើម​ ​ខ្ញុំ​មក​នៅក្នុង​ឋានសួគ៌​ ​រីករាយ​ដោយ​របាំ​ចម្រៀង​ ​និង​ប្រគុំ​ទាំងឡាយ​ ​ឥឡូវនេះ​ ​ក្នុងថ្ងៃនេះ​ ​ខ្ញុំ​មិន​ត្រេកអរ​ក្នុង​ឋានសួគ៌​ទេ​ ​បពិត្រ​ព្រះ​ជនិន្ទ​ដ៏​ប្រសើរ​ ​អាយុ​ ​(​របស់ខ្ញុំ​)​ ​នឹង​អស់​ឬ​ ​ឬ​សេចក្តី​ស្លាប់​ ​(​ឋិតនៅ​)​ ​ក្នុង​ទី​ជិត​ ​ឬក៏​ខ្ញុំ​ជា​បុគ្គល​វង្វេង​។​
 [​១២៦​]​ ​(​សក្កៈ​…​)​ ​បពិត្រ​ព្រះអង្គ​ដ៏​ប្រសើរ​ ​មាន​ព្យាយាម​ជាង​ជន​ ​អាយុ​របស់​ព្រះអង្គ​មិនទាន់​អស់​ទេ​ ​ទាំង​សេចក្តី​ស្លាប់​របស់​ព្រះអង្គ​ ​(​ក៏​ឋិតនៅ​)​ ​ក្នុង​ទី​ឆ្ងាយ​ ​មួយវិញទៀត​ ​ព្រះអង្គ​មិនមែន​ជា​មនុស្ស​វង្វេង​ទេ​ ​តែថា​ ​ព្រះអង្គ​សោយ​នូវ​ផល​នៃ​បុណ្យ​ណា​ ​ក្នុង​ទេវលោក​នេះ​ ​បុណ្យ​របស់​ព្រះអង្គ​នោះ​តិច​ ​
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 636872906073048835
ទៅកាន់ទំព័រ៖