ព្រះត្រៃបិដក ភាគ ៦០
បពិត្រព្រះរាជា ឯព្រាហ្មណ៍ទាំងឡាយនោះ ស្មើដោយពេទ្យ គេហៅថាព្រាហ្មណ៍ដែរ បពិត្រមហារាជ (ព្រាហ្មណ៍ទាំងឡាយនេះ) ទូលព្រះបង្គំជាខ្ញុំ បានក្រាបទូលចំពោះព្រះអង្គរួចហើយ យើងនឹងចូលទៅរកពួកព្រាហ្មណ៍ប្រាកដដូច្នោះឬ។
[១៣២] (ព្រះរាជាកោរព្យៈ…) ពួកព្រាហ្មណ៍ទាំងនោះ ប្រាសចាកភាពជាព្រាហ្មណ៍ តែព្រាហ្មណ៍ទាំងនោះ គេមិនហៅថាព្រាហ្មណ៍ទេ ម្នាលវិធូរៈ អ្នកចូរស្វែងរកព្រាហ្មណ៍ទាំងឡាយដទៃវិញ ដែលជាអ្នកមានសីល ជាពហុស្សូត វៀរចាកមេថុនធម្ម ឲ្យមកបរិភោគនូវភោជនរបស់យើង ម្នាលសំឡាញ់ ទក្ខិណាទានដែលគេឲ្យហើយចំពោះបុគ្គលណា ជាទានមានផលច្រើន យើងនឹងឲ្យនូវទក្ខិណាទាន (ចំពោះបុគ្គលនោះ)។
[១៣៣] (វិធូរៈ…) ព្រាហ្មណ៍ទាំងឡាយនោះ កាន់ឃ្មោះទាំងឡាយ ហើយឃោស្នាឰដ៏ខាងមុខ (នៃស្តេច និងអាមាត្រ) ក៏មាន ទៅកាន់ទីសម្រាប់បម្រើគេក៏មាន សិក្សាខាងសិល្បរថក៏មាន។ បពិត្រព្រះរាជា ព្រាហ្មណ៍ទាំងឡាយនោះ ស្មើដោយជនអ្នកបំរើ គេហៅថាព្រាហ្មណ៍ដែរ បពិត្រមហារាជ (ព្រាហ្មណ៍ទាំងឡាយនេះ) ខ្ញុំព្រះអង្គបានក្រាបទូលចំពោះព្រះអង្គហើយ យើងនឹងចូលទៅរកពួកព្រាហ្មណ៍បែបដូច្នោះឬ។
ID: 636872907341451384
ទៅកាន់ទំព័រ៖