ព្រះត្រៃបិដក ភាគ ៦០
ម្នាលវិធូរៈ អ្នកចូរស្វែងរកព្រាហ្មណ៍ទាំងឡាយដទៃវិញ ដែលជាអ្នកមានសីល ជាពហុស្សូត វៀរចាកមេថុនធម្ម ឲ្យមកបរិភោគភោជនរបស់យើង ម្នាលសំឡាញ់ ទក្ខិណាទានដែលគេឲ្យហើយ ចំពោះបុគ្គលណា ជាទានមានផលច្រើន យើងនឹងឲ្យនូវទក្ខិណាទាន (ចំពោះបុគ្គលនោះ)។
[១៣៧] (វិធូរៈ…) ព្រាហ្មណ៍ទាំងឡាយនោះ មានរោមក្លៀក និងក្រចកដុះវែង មានធ្មេញប្រកបដោយមន្ទិល មានធូលីលើក្បាល រោយរាយដោយធូលី និងលំអងដី ត្រាច់ទៅសូម (ទ្រព្យផ្សេងៗ) បពិត្រព្រះរាជា ព្រាហ្មណ៍ទាំងឡាយនោះ ប្រាកដស្មើដោយជនអ្នកដកនូវដង្គត់ គេហៅថាព្រាហ្មណ៍ដែរ បពិត្រមហារាជ (ព្រាហ្មណ៍ទាំងឡាយនេះ) ខ្ញុំព្រះអង្គបានក្រាបទូលចំពោះព្រះអង្គហើយ យើងនឹងចូលទៅរកព្រាហ្មណ៍បែបដូច្នោះឬ។
[១៣៨] (ព្រះរាជាកោរព្យៈ…) ព្រាហ្មណ៍ទាំងឡាយនោះ បា្រសចាកភាពជាព្រាហ្មណ៍ តែព្រាហ្មណ៍ទាំងឡាយនោះ គេមិនហៅថាព្រាហ្មណ៍ទេ ម្នាលវិធូរៈ អ្នកចូរស្វែងរកព្រាហ្មណ៍ទាំងឡាយដទៃវិញ ដែលជាអ្នកមានសីល ជាពហុស្សូត វៀរចាកមេថុនធម្ម ឲ្យមកបរិភោគនូវភោជនរបស់យើង
ID: 636872907957146600
ទៅកាន់ទំព័រ៖