ព្រះត្រៃបិដក ភាគ ៦០

​បពិត្រ​ព្រះរាជា​ ​បើ​សេចក្តី​ស្រវឹង​គ្រប​សង្កត់​ព្រះអង្គ​ដែល​មាន​ពួក​នារី​ចោមរោម​បំរើ​ ​សូម​ព្រះអង្គ​ធ្វើ​ទុក​ក្នុង​ព្រះទ័យ​ ​ចំពោះ​គាថា​នេះ​ចុះ​ ​មួយទៀត​ ​សូម​ព្រះអង្គ​ ​(​ឧស្សាហ៍​)​ ​ប្រើ​គេ​ឲ្យ​ពោល​នូវ​គាថា​នេះ​ ​ក្នុង​កណ្តាល​បរិស័ទ​ថា​ ​
 សត្វ​ណា​ដេក​ក្នុង​ទីវាល​ ​បៅដោះ​មាតា​កំពុង​ដើរ​ ​ជា​សត្វ​ច្របូកច្របល់​ដោយ​ពួក​សុនខ​ ​សត្វ​នោះ​គេ​ហៅថា​ព្រះរាជា​ ​ក្នុងថ្ងៃនេះ​។​

​ចប់​ ​ចិត្ត​សម្ភូត​ជាតក​ ​ទី២​។​


​សី​វិ​រាជ​ជាតក​ ​ទី៣​


 [​១៩៥​]​ ​(​ព្រះឥន្ទ​តំណែង​ខ្លួន​ជា​មនុស្សចាស់​ ​ពោល​ថា​)​ ​ខ្ញុំ​ព្រះអង្គ​ជា​បុគ្គល​ចាស់ជរា​ ​មើល​មិនឃើញ​ឆ្ងាយ​ ​មក​ដើម្បី​សុំ​នូវ​ព្រះនេត្រ​ ​ខ្ញុំ​ព្រះអង្គ​ជា​អ្នកមាន​ភ្នែក​ម្ខាង​ ​កាលបើ​ខ្ញុំ​សុំ​ហើយ​ ​សូម​ព្រះអង្គ​ប្រទាន​នូវ​ព្រះនេត្រ​ដល់​ខ្ញុំ​ព្រះអង្គ​។​
 [​១៩៦​]​ ​(​ព្រះបាទ​សី​វិ​រាជ​ពោធិសត្វ​ត្រាស់​សួរ​ថា​)​ ​នែ​ស្មូម​ ​អ្នកណា​ប្រាប់​អ្នក​ ​ទើប​អ្នក​មក​ក្នុង​ទីនេះ​ ​បម្រុង​សុំ​នូវ​ភ្នែក​ទាំងឡាយ​ ​ជន​ទាំងឡាយ​ពោល​នូវ​ភ្នែក​ណា​ ​ថា​ជា​របស់​ដែល​បុរស​លះ​បាន​ដោយ​ក្រ​ ​អ្នកសុំ​នូវ​ភ្នែក​ ​ជា​អវយវៈ​ដ៏​ខ្ពង់ខ្ពស់​នោះ​ដែលគេ​លះ​បាន​ដោយ​ក្រ​ក្រៃលែង​។​
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 636872914953936793
ទៅកាន់ទំព័រ៖