ព្រះត្រៃបិដក ភាគ ៦០
[២៤៨] (ព្រាន…) ម្រឹគនោះបានមកដល់កណ្តាប់ដៃ ជាប់នៅក្នុងអន្ទាក់កោងហើយ តែម្រឹគដទៃដែលផុត (ចាកអន្ទាក់) ក៏ (ចូលមករកស្តេចម្រឹគនោះ។ សេចក្តីតក់ស្លុត ការព្រួចព្រឺរោម ដែលមិនធ្លាប់កើត ក៏កើតមានដល់ខ្ញុំព្រះអង្គនោះ ថាបើខ្ញុំព្រះអង្គនឹងសម្លាប់ម្រឹគនេះទៅ ខ្ញុំព្រះអង្គនឹងលះបង់នូវជីវិតក្នុងថ្ងៃនេះឯង។
[២៤៩] (ព្រះរាជា…) ម្នាលព្រាន ពួកម្រឹគទាំងនោះមានអាការដូចម្តេច ពួកម្រឹគមានធម៌ដូចម្តេច មានវណ្ណៈដូចម្តេច មានសីលដូចម្តេច ទើបអ្នកសរសើរប្រាប់យើងខ្លាំងម្ល៉េះ។
[២៥០] (ព្រាន…) ពួកម្រឹគទាំងនោះ មានស្នែងស មានរោមកន្ទុយស្អាត មានស្បែកឧបមាដូចមាស មានជើងក្រហម មានភ្នែកដ៏ថ្លា បីដូចជាគេបន្តក់ គួរជាទីរីករាយនៃចិត្ត។
[២៥១] បពិត្រព្រះសម្មតិទេព ពួកម្រឹគទាំងនោះ មានអាការដូច្នេះ ពួកម្រឹគមានធម៌ដូច្នេះ បពិត្រព្រះសម្មតិទេព ពួកម្រឹគទាំងនោះ ជាសត្វចិញ្ចឹមមាតាបិតា ខ្ញុំព្រះអង្គមិនហ៊ាននាំយកម្រឹគទាំងនោះមកទេ។
[២៥២] (ព្រះរាជា…) នែព្រាន យើងនឹងឲ្យនូវឆ្តោរនៃមាសជាច្រើនផង នូវកែវមណី និងកុណ្ឌល ក៏ក្រាស់ក្រែលផង នូវបល្ល័ង្កបួនជ្រុងដ៏រុងរឿង ដូចជាផ្កាត្រកៀតផង (ដល់អ្នក)។
ID: 636872920649202544
ទៅកាន់ទំព័រ៖