ព្រះត្រៃបិដក ភាគ ៦០
[២៥៤] (សុមុខៈហង្សពោលថា) បពិត្រសេ្តចហង្សឈ្មោះធតរដ្ឋ ព្រះអង្គត្រូវសេចក្តីទុក្ខគ្របសង្កត់ហើយ ខ្ញុំព្រះអង្គមិនលះបង់ចោលព្រះអង្គទេ ការរស់ ឬការស្លាប់របស់ខ្ញុំព្រះអង្គ នឹងមាននៅជាមួយព្រះអង្គ។
[២៥៥] (ស្តេចហង្ស…) ម្នាលសុមុខៈ អ្នកពោលនូវពាក្យណា ពាក្យនុ៎ះជាពាក្យល្អរបស់អរិយជន ចំណែកខាងខ្ញុំ ល្បងមើលអ្នក ក្នុងការហើរចេញទៅ ទើបពោលពាក្យ (យ៉ាងនេះ) នឹងអ្នក។
[២៥៦] (កូនព្រានព្រៃពោលថា) សត្វបក្សីជាសត្វត្រាច់ទៅក្នុងអាកាស រមែងទៅកាន់ផ្លូវតាមអាកាសដែលមិនមែនជាផ្លូវ ម្នាលអ្នកដ៏ប្រសើរជាងពួកបក្សីហង្ស (ម្តេចក៏) អ្នកមិនដឹងនូវអន្ទាក់អំពីចម្ងាយ។
[២៥៧] (ស្តេចហង្ស…) សេចក្តីវិនាសមានមកក្នុងកាលណា សត្វកាលបើជីវិតត្រូវអស់ហើយ ទោះបីប្រទះនូវសំណាញ់ ឬអន្ទាក់ រមែងមិនដឹងក្នុងកាលនោះ។
[២៥៨] (ព្រានពោលនឹងសុមុខៈហង្សថា) ពួកបក្សីហង្សមានកក្ងក់ទាំងនេះ លុះត្រូវភ័យគ្របសង្កត់ហើយ ក៏ហើរអស់ទៅ ម្នាលអ្នកមានស្បែកដ៏ខៀវ មានវណ្ណៈដូចមាស អ្នកម្នាក់ឯងសម្ងំនៅ។ ពួកបក្សីទាំងនេះ ជាសត្វទៅតាមអាកាស ឥតមានអាល័យ ជាសត្វមានកក្ងក់ លុះស៊ីហើយ ផឹកហើយ ក៏ហើរចេញទៅ អ្នកតែម្នាក់ឯងចូលមកវិញ។
ID: 636872921253667117
ទៅកាន់ទំព័រ៖