ព្រះត្រៃបិដក ភាគ ៦០

​សា​ធិ​នរា​ជ​ជាតក​ ​ទី១១​


 [​១២៣​]​ ​(​ពួក​អ្នកនគរ​ពោល​ថា​ ​ស្តេច​របស់​យើង​)​ ​ចំឡែក​ណាស់​តើ​ ​គួរឲ្យ​ព្រឺរោម​ ​កើតឡើង​ក្នុង​លោក​ ​រថ​ជា​ទិព្យ​បាន​កើត​ប្រាកដ​ដល់​ស្តេច​វិទេហៈ​ ​ព្រះអង្គ​មានយស​។​
 [​១២៤​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ទេវបុត្រ​ឈ្មោះ​មាតលី​ ​ជា​ទេវ​សារថី​ ​មា​នប្ញ​ទ្ធិ​ច្រើន​បាន​អញ្ជើញ​ព្រះបាទ​វិទេហៈ​ ​ព្រះអង្គ​គ្រប់គ្រង​ក្រុង​មិថិលា​ថា​ ​បពិត្រ​ព្រះរាជា​ដ៏​ប្រសើរ​ ​ជា​ម្ចាស់​នៃ​ទិស​ ​សូម​ព្រះអង្គ​យាង​ឡើង​កាន់​រថ​នេះ​ ​ទេវតា​ទាំងឡាយ​ជាន់​តាវត្តឹង្ស​ ​ព្រមទាំង​ព្រះឥន្ទ​ ​ចង់​ឃើញ​ព្រះអង្គ​ ​ព្រោះ​ទេវតា​ទាំងឡាយ​រលឹក​ព្រះអង្គ​ ​នៅ​រង់ចាំ​ក្នុង​រោង​ឈ្មោះ​សុធម្មា​។​ ​លំដាប់នោះ​ឯង​ ​ព្រះបាទ​វិទេហៈ​ ​ព្រះនាម​សា​ធិន​ ​ព្រះអង្គ​គ្រប់គ្រង​ក្រុង​មិថិលា​ ​ទ្រង់​យាង​ឡើង​កាន់​រថ​ ​ទឹម​ដោយ​សេះ​ច្រើន​ ​ហើយ​បាន​យាង​ទៅ​ក្នុង​សំណាក់​នៃ​ទេវតា​ទាំងឡាយ​ ​(​ព្រះរាជា​ជាធំ​ ​ទ្រង់​ប្រថាប់​លើ​ទិព្វ​យាន​ឈ្មោះ​ហយ​វាហី​ ​ដែល​ទឹម​ដោយ​សេះ​ច្រើន​ ​កំពុង​យាង​ទៅ​ ​ក៏បាន​ទត​ឃើញ​ទេវ​សភា​នេះ​)​ ​ពួក​ទេវតា​បានឃើញ​ព្រះរាជា​នោះ​មកដល់​ហើយ​ ​ក៏​ត្រេកអរ​ស្មោះចំពោះ​ថា​ ​បពិត្រមហារាជ​ ​ព្រះអង្គ​យាង​មក​ស្រួល​ហើយ​ ​មិនមែន​យាង​មក​ដោយ​មិន​ស្រួល​ទេ​ ​បពិត្រ​ព្រះរាជា​អ្នក​ស្វែងរក​គុណ​ដ៏​ប្រសើរ​ ​ឥឡូវនេះ​ ​សូម​ព្រះអង្គ​ទ្រង់​គង់​ក្នុង​សំណាក់​នៃ​ទេវរាជ​ចុះ​។
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 636872905813303979
ទៅកាន់ទំព័រ៖