ព្រះត្រៃបិដក ភាគ ៦០
បពិត្រព្រះរាជា បើសេចក្តីស្រវឹងគ្របសង្កត់ព្រះអង្គដែលមានពួកនារីចោមរោមបំរើ សូមព្រះអង្គធ្វើទុកក្នុងព្រះទ័យ ចំពោះគាថានេះចុះ មួយទៀត សូមព្រះអង្គ (ឧស្សាហ៍) ប្រើគេឲ្យពោលនូវគាថានេះ ក្នុងកណ្តាលបរិស័ទថា
សត្វណាដេកក្នុងទីវាល បៅដោះមាតាកំពុងដើរ ជាសត្វច្របូកច្របល់ដោយពួកសុនខ សត្វនោះគេហៅថាព្រះរាជា ក្នុងថ្ងៃនេះ។
ចប់ ចិត្តសម្ភូតជាតក ទី២។
សីវិរាជជាតក ទី៣
[១៩៥] (ព្រះឥន្ទតំណែងខ្លួនជាមនុស្សចាស់ ពោលថា) ខ្ញុំព្រះអង្គជាបុគ្គលចាស់ជរា មើលមិនឃើញឆ្ងាយ មកដើម្បីសុំនូវព្រះនេត្រ ខ្ញុំព្រះអង្គជាអ្នកមានភ្នែកម្ខាង កាលបើខ្ញុំសុំហើយ សូមព្រះអង្គប្រទាននូវព្រះនេត្រដល់ខ្ញុំព្រះអង្គ។
[១៩៦] (ព្រះបាទសីវិរាជពោធិសត្វត្រាស់សួរថា) នែស្មូម អ្នកណាប្រាប់អ្នក ទើបអ្នកមកក្នុងទីនេះ បម្រុងសុំនូវភ្នែកទាំងឡាយ ជនទាំងឡាយពោលនូវភ្នែកណា ថាជារបស់ដែលបុរសលះបានដោយក្រ អ្នកសុំនូវភ្នែក ជាអវយវៈដ៏ខ្ពង់ខ្ពស់នោះដែលគេលះបានដោយក្រក្រៃលែង។
ID: 636872914953936793
ទៅកាន់ទំព័រ៖