ព្រះត្រៃបិដក ភាគ ៦១
ខ្ញុំនោះ បានលែងនូវរាជហង្សជាសំឡាញ់របស់អ្នក ព្រះរាជារបស់អ្នក ចូរទៅតាមអ្នកចុះ អ្នកទាំងឡាយ ចូរហើរទៅអំពីទីនេះតាមប្រាថ្នាជាឆាប់ ហើយរុងរឿងក្នុងកណ្តាលពួកញាតិចុះ។
[១៧៧] (អភិសម្ពុទ្ធគាថា) ហង្សឈ្មោះសុមុខៈនោះ មានចិត្តត្រេកអរ ព្រោះម្ចាស់ផុតចាកចំណង ជាសត្វគោរពម្ចាស់ កាលពោលនូវវាចាដ៏ស្រួលដល់ត្រចៀក ទើបពោលថា បពិត្រនាយនេសាទ យើងត្រេកអរព្រោះបានឃើញនូវសេ្តចបក្សី ដែលរួចចាកអន្ទាក់ក្នុងថ្ងៃនេះ យ៉ាងណា លោកចូរត្រេកអរជាមួយនឹងពួកញាតិទាំងអស់យ៉ាងនោះចុះ។
[១៧៨] លោកចូរមកនេះ ខ្ញុំប្រៀនប្រដៅលោកឲ្យបានលាភ រាជហង្សឈ្មោះធតរដ្ឋៈនេះ ឥតឃើញសេចក្តីអាក្រក់របស់លោកតិចតួចទេ។ លោកចូរ (នាំយើងខ្ញុំ) ទៅក្នុងរាជបូរីជាឆាប់ ហើយបង្ហាញចំពោះព្រះរាជា នូវយើងខ្ញុំទាំងពីរនាក់ ដែលមិនជាប់ចំណង មានសភាពជាប្រក្រតីឋិតនៅលើអម្រែកទាំងពីរខាង។ (លោកក្រាបទូលថា) បពិត្រមហារាជ ហង្សទាំងពីរនេះ កើតក្នុងត្រកូលធតរដ្ឋៈ ជាអធិបតីលើពួកហង្ស ឯហង្សនេះ ជាព្រះរាជារបស់ហង្សទាំងឡាយ ហង្សមួយទៀតនេះ ជាសេនាបតី។
ID: 636873350777684486
ទៅកាន់ទំព័រ៖