ព្រះត្រៃបិដក ភាគ ៦១
លោកចូរនាំយើងខ្ញុំទៅក្នុងបុរីជាឆាប់ ហើយបង្ហាញព្រះរាជានូវយើងខ្ញុំទាំងពីរនាក់ ដែលមិនជាប់ចំណង មានសភាពជាប្រក្រតី ឋិតនៅលើអម្រែកទាំងពីរខាង។ (លោកក្រាបទូលថា) បពិត្រមហារាជ ហង្សទាំងនេះ កើតនៅក្នុងត្រកូលធតរដ្ឋៈ ជាអធិបតីលើពួកហង្ស ឯហង្សនេះ ជាព្រះរាជារបស់ហង្សទាំងឡាយ ហង្សមួយទៀតនេះ ជាសេនាបតី។ ព្រះរាជាជាធំលើពួកជន បានទតឃើញរាជហង្សនេះហើយ មុខជានឹងមានព្រះទ័យត្រេកអរ សោមនស្សរីករាយ និងព្រះរាជទាននូវទ្រព្យដ៏ច្រើន ដល់លោកដោយពិត។ ទូលព្រះបង្គំជាខ្ញុំ បាននាំហង្សទាំងពីរនេះមក តាមពាក្យហង្សជាសេនាបតីនេះយ៉ាងនេះ ព្រោះថា ទូលព្រះបង្គំជាខ្ញុំ បានបើកលែងហង្សទាំងពីរនេះ ក្នុងទីនោះរួចទៅហើយ។ សត្វបក្សីនោះ ជាទ្វិជាត មានដំណើរយ៉ាងនេះ ប្រកបដោយធម៌ដ៏ក្រៃលែង ព្រោះថា សត្វបក្សីនោះ បានញ៉ាំងចិត្តដ៏ទន់ឲ្យកើតដល់ព្រានព្រៃ ប្រាកដដូចជាទូលព្រះបង្គំជាខ្ញុំ។ បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំជាខ្ញុំ មិនឃើញដង្វាយដទៃ ក្នុងស្រុកនៃព្រានបក្សីដ៏សមគួរដល់ព្រះអង្គឡើយ បពិត្រព្រះអង្គជាធំជាងពួកមនុស្ស សូមព្រះអង្គទតមើលនូវដង្វាយនោះ។
ID: 636873351419711207
ទៅកាន់ទំព័រ៖