ព្រះត្រៃបិដក ភាគ ៦១
[១៨២] រាជហង្សបានឃើញព្រះរាជា ទ្រង់គង់នៅលើតាំងជាវិការៈនៃមាសដ៏ស្អាត កាលនឹងពោលនូវវាចាឲ្យស្រួលដល់ត្រចៀក បានពោលថា ព្រះអង្គបានសេចក្តីសុខស្រួលទេឬ ព្រះអង្គមិនមានជម្ងឺអ្វីទេឬ មួយទៀត ព្រះអង្គគ្រប់គ្រងដែនដ៏ធំទូលាយនេះ តាមធម៌ដែរឬ។
[១៨៣] (ព្រះរាជា…) ម្នាលហង្ស យើងមានសេចក្តីសុខស្រួលទេ ម្នាលហង្ស យើងមិនមានជម្ងឺអ្វីទេ ម្យ៉ាងទៀត យើងគ្រប់គ្រងដែនដ៏ធំទូលាយនេះ តាមធម៌ហើយ។
[១៨៤] (រាជហង្ស…) កំហុសបន្តិចបន្តួចរបស់ព្រះអង្គ មិនមានក្នុងពួកអាមាត្យទេឬ ពួកអាមាត្យទាំងនោះ មិនអាល័យជីវិតព្រោះប្រយោជន៍ទាំងឡាយរបស់ព្រះអង្គទេឬ។
[១៨៥] (ព្រះរាជា…) កំហុសបន្តិចបន្តួចរបស់យើង មិនមានក្នុងពួកអាមាត្យទេ អាមាត្យទាំងនោះ មិនអាល័យជីវិតព្រោះប្រយោជន៍ទាំងឡាយរបស់យើងទេ។
[១៨៦] (រាជហង្ស…) អគ្គមហេសីរបស់ព្រះអង្គដែលមានជាតិស្មើគ្នា ជាស្រីស្តាប់បង្គាប់ ពោលពាក្យជាទីស្រឡាញ់ ប្រកបដោយបុត្រ រូប និងយស លុះអំណាចសេចក្តីប្រាថ្នារបស់ព្រះអង្គដែរឬ។
ID: 636873351701957351
ទៅកាន់ទំព័រ៖