ព្រះត្រៃបិដក ភាគ ៦១
ម្យ៉ាងទៀត (មាណពនោះ) មានអវយវៈតូចធំ មិនរដិបរដុប (ដោយមុន និងបូសជាដើម) ទេ មានរោមមិនវែងពេកទេ ឯក្រចករបស់មាណពនោះ វែងៗ មានចុងក្រហមៗ (មាណពនោះ) មានរូបល្អ ឱបរិត (ខ្ញុំ) ដោយដើមដៃទាំងពីរដ៏ទន់ល្វន់ (ផ្គាប់ផ្គុនខ្ញុំ) ឲ្យរីករាយ។ ដៃទាំងពីរ របស់មាណពនោះ ដូចជាប៉ុយឈើ មានរស្មីផ្លេកៗ មានបាតដៃមូល និងឆវីវណ្ណស្រស់បំព្រង ដូចផ្ទៃកញ្ចក់ ជាវិការៈនៃមាស មាណពនោះ ពាល់ខ្ញុំដោយដៃទាំងពីរ នោះហើយ ទៅពីទីនេះទៅ បពិត្របិតា មាណពនោះ ដុតរោលខ្ញុំ (ឲ្យក្តៅក្រហាយ) ដោយសម្ជ័ស្សនៃដៃនោះ។ មាណពនោះ ប្រហែលជាមិនដែលនាំទៅនូវវត្ថុមានទម្ងន់មួយខារី (មួយអំរែក) ទេ មាណពនោះ មិនដែលពុះឧសទាំងឡាយខ្លួនឯងទេ មាណពនោះ មិនដែលកាប់ឈើទាំងឡាយដោយកាំបិតទេ បានជាដៃរបស់មាណពនោះ មិនក្រិនសោះ។ មានខ្លាឃ្មុំមួយធ្វើមាណពនោះឲ្យដំបៅ គេបាននិយាយនឹងខ្ញុំថា សូមឲ្យអ្នកធ្វើខ្ញុំឲ្យបានសេចក្តីសុខស្រួល ខ្ញុំក៏បានធ្វើគាត់ឲ្យបានសុខស្រួល ដោយអវយវៈដ៏ឧត្តមនោះរបស់ខ្ញុំ បពិត្របិតាដ៏ប្រសើរ មាណពនោះបាននិយាយប្រាប់ខ្ញុំថា ខ្ញុំបានសេចក្តីសុខស្រួលហើយ។
ID: 636873165935942143
ទៅកាន់ទំព័រ៖