ព្រះត្រៃបិដក ភាគ ៦១
រាជហង្សប្រសើរបំផុតជាងពួកទូលព្រះបង្គំជាខ្ញុំនោះផង ព្រះអង្គជាសត្វដ៏ឧត្តម រក្សាផែនដីជាធំជាងមនុស្សផង គួរទូលព្រះបង្គំជាខ្ញុំ បូជាដោយហេតុដ៏ច្រើន។ បពិត្រព្រះអង្គជាធំជាងមនុស្ស កាលដែលការវិនិច្ឆ័យកំពុងប្រព្រឹត្តទៅ អាមាត្យជាអ្នកបំរើ មិនគប្បីក្រាបទូលក្នុងចន្លោះនៃព្រះអង្គទាំងពីរកំពុងមានព្រះបន្ទូលនោះឡើយ។
[១៩៥] (ព្រះរាជា…) បានឮថា នាយព្រាន បានសរសើរអ្នកដោយធម៌ថា អ្នកជាបក្សីបណ្ឌិត ប្រាជ្ញាបែបនេះ មិនគប្បីមានដល់សត្វដែលមានអត្តភាពមិនទាន់សម្រេច។ អ្នកមានប្រក្រតីដ៏ប្រសើរយ៉ាងនេះ ជាសត្វខ្ពង់ខ្ពស់យ៉ាងនេះ សត្វទាំងឡាយទាំងប៉ុន្មានដែលយើងបានឃើញហើយ យើងមិនដែលឃើញនូវសត្វដទៃបែបនេះ។ យើងត្រេកអរដោយបានឃើញអ្នកទាំងពីរជាដំបូងផង ដោយពាក្យដ៏ពីរោះផង នុ៎ះជាសេចក្តីពេញចិត្តរបស់យើង យើងគប្បីចួបនូវអ្នកទាំងពីរអស់កាលជាអង្វែង។
[១៩៦] (រាជហង្ស…) អំពើណា ដែលត្រូវធ្វើចំពោះមិត្តដ៏ប្រសើរ អំពើនោះ ព្រះអង្គបានធ្វើហើយចំពោះទូលព្រះបង្គំទាំងពីរ សេចក្តីរាប់អានណា របស់ព្រះអង្គចំពោះទូលព្រះបង្គំទាំងពីរ ទូលព្រះបង្គំទាំងពីរឃ្លាតហើយចាកព្រះអង្គ ដោយឥតសង្ស័យ។
ID: 636873352467741151
ទៅកាន់ទំព័រ៖