ព្រះត្រៃបិដក ភាគ ៦១
សេចក្តីទុក្ខឯណោះ បានកើតឡើងហើយក្នុងបក្សីជាច្រើន ព្រោះមិនឃើញនូវទូលព្រះបង្គំជាខ្ញុំទាំងពីរក្នុងចន្លោះនៃពួកញាតិជាច្រើនដោយពិត។ យើងទាំងពីរដែលព្រះអង្គអនុញ្ញាតហើយ ដើម្បីកំចាត់បង់នូវសេចក្តីសោករបស់បក្សីទាំងនោះ បពិត្រព្រះអង្គជាអ្នកទូន្មាននូវសត្រូវ ទូលព្រះបង្គំជាខ្ញុំទាំងពីរ សូមធ្វើប្រទក្សិណព្រះអង្គ ហើយទៅចួបនឹងពួកញាតិ។ ទូលព្រះបង្គំជាខ្ញុំ បានសេចក្តីត្រេកអរដ៏ធំទូលាយ ព្រោះបានជួបព្រះអង្គដោយពិត ម្យ៉ាងទៀត ប្រយោជន៍ធំនេះ កើតមានព្រោះតែសេចក្តីស្និទ្ធស្នាលចំពោះញាតិ។
[១៩៧] (អភិសម្ពុទ្ធគាថា) លុះរាជហង្សឈ្មោះធតរដ្ឋៈ (និងហង្សឈ្មោះសុមុខៈ) បានពោលពាក្យនេះ ចំពោះព្រះរាជាជាធំលើជនរួចហើយ ក៏ហើរសំដៅទៅរកពួកញាតិ អាស្រ័យនូវសន្ទុះដ៏ឧត្តម។ សត្វហង្សទាំងឡាយ បានឃើញនូវហង្សដ៏ឧត្តមទាំងពីរនោះមិនមានរោគមកដល់ហើយ ក៏បានធ្វើនូវសម្លេងថា កេកា ៗ សូរសំឡេងយ៉ាងខ្លាំង ក៏កើតមានឡើង។ បក្សីទាំងនោះ មានសេចក្តីត្រេកអរ ព្រោះម្ចាស់រួចហើយ ជាសត្វគោរពចំពោះម្ចាស់ ជាសត្វបាននូវទីពឹង ហើយហើរក្រឡឹងជុំវិញ។
ID: 636873352666422515
ទៅកាន់ទំព័រ៖