ព្រះត្រៃបិដក ភាគ ៦១
ព្រះរាជារបស់ខ្ញុំនេះ ជាម្ចាស់នៃពួកហង្សដ៏ច្រើន កុំដល់នូវសេចក្តីវិនាសតែម្នាក់ឯងឡើយ បពិត្រនាយនេសាទជាសំឡាញ់ ព្រោះថា រាជហង្សនេះជាម្ចាស់ ខ្ញុំតែងត្រេកអររីករាយ (ក្នុងសំណាក់រាជហង្សនោះ)។
[២០៥] (ព្រានព្រៃ…) ម្នាលសត្វហង្ស អ្នកណា បានគោរពដុំអាហារ (ដែលបានអំពីម្ចាស់) អ្នកនោះឈ្មោះថា ប្រព្រឹត្តធម៌ដ៏ប្រសើរ យើងនឹងលែងនូវម្ចាស់របស់អ្នកនោះ អ្នកទាំងពីរ ចូរទៅតាមស្រួលចុះ។
[២០៦] (ហង្សសេនាបតី…) នែសំឡាញ់ បើលោកដាក់អន្ទាក់ពួកហង្ស និងបក្សីដ៏សេស ដោយសេចក្តីព្យាយាមរបស់ខ្លួន យើងខ្ញុំនឹងទទួលនូវអភយទាននេះ របស់លោក បើលោកមិនដាក់អន្ទាក់ពួកហង្ស និងបក្សីដ៏សេស ដោយសេចក្តីព្យាយាមរបស់ខ្លួនទេ បពិត្រនាយនេសាទ លោកមិនមែនជាធំ កាលលែងនូវយើងខ្ញុំ ឈ្មោះថា ធ្វើនូវការលួច។
[២០៧] លោកជាបុគ្គលស៊ីឈ្នួលរបស់ព្រះរាជាណា លោកចូរនាំយើងខ្ញុំ ឲ្យដល់ទៅព្រះរាជានោះតាមប្រាថ្នាចុះ ព្រះរាជាព្រះនាមសំយមៈ នឹងធ្វើតាមគាប់ព្រះទ័យក្នុងព្រះរាជនិវេសន៍នោះ។
ID: 636873353697091466
ទៅកាន់ទំព័រ៖