ព្រះត្រៃបិដក ភាគ ៦១
[២០៨] (អភិសម្ពុទ្ធគាថា) លុះហង្សឈ្មោះសុមុខៈ និយាយយ៉ាងនេះហើយ នាយនេសាទ ក៏យកដៃស្ទួយនូវហង្សទាំងពីរ ដែលមានសម្បុរ និងស្បែកដូចមាស ហើយដាក់ទៅក្នុងទ្រុង។ ព្រានព្រៃបាននាំយកបក្សីឈ្មោះសុមុខៈ ១ ឈ្មោះធតរដ្ឋៈ ១ ទាំងពីរ មានសម្បុរដ៏ភ្លឺផ្លេក ទំនៅក្នុងទ្រុងនោះហើយចៀសចេញទៅ។
[២០៩] រាជហង្សឈ្មោះធតរដ្ឋៈ ដែលព្រានព្រៃកំពុងនាំទៅ បានពោលពាក្យនេះ នឹងហង្សឈ្មោះសុមុខៈថា ម្នាលសុមុខៈ ខ្ញុំខ្លាច (សេចក្តីស្លាប់) នែនាងបក្សីឈ្មោះសុហេមា ដែលមានសម្បុរដូចមាស មានភ្លៅប្រកបដោយលក្ខណៈខ្លាំងណាស់ តែនាងសុហេមាបានដឹងថា គេសម្លាប់នូវយើងទាំងពីរហើយ មុខជានឹងសម្លាប់នូវខ្លួនដែរ។ ម្នាលសុមុខៈ នាងបក្សីឈ្មោះសុហេមា ជាធីតានៃបាកហង្ស ដែលមានស្បែកល្អដូចមាស ជាសត្វកំព្រា ទួញយំដោយពិត ដូចជាក្រៀលញី ទួញយំប្របឆ្នេរសមុទ្រដូច្នោះ។
[២១០] (ហង្សសេនាបតី…) ព្រះអង្គជាធំជាងហង្ស មានគុណប្រមាណមិនបាន ជាម្ចាស់នៃហ្វូងហង្សជាច្រើនយ៉ាងនេះហើយ សោកស្តាយនូវមេហង្សមួយ ការយំនេះ ហាក់ដូចជាមិនសមគួរដល់ព្រះអង្គដែលមានប្រាជ្ញាឡើយ។
ID: 636873353925224515
ទៅកាន់ទំព័រ៖