ព្រះត្រៃបិដក ភាគ ៦១
[២១១] (រាជហង្ស…) (វត្ថុ គឺស្រី្ត) ណា ដែលពួកជនអ្នកចំរើនដោយបា្រជ្ញា បញ្ញត្តហើយ បុគ្គលណា គួរតិះដៀលនូវស្រ្តីនោះបាន ធម្មតា ស្រ្តីទាំងឡាយមានគុណច្រើន ហើយកើតឡើងក្នុងលោក (មុនគេ)។ ល្បែងគេតាំងទុកក្នុងស្រ្តីទាំងនោះ សេចក្តីត្រេកអរក៏តាំងនៅក្នុងស្រ្តីទាំងនោះដែរ ពូជទាំងឡាយរមែងលូតលាស់ឡើងក្នុងស្រ្តីទាំងនោះ គឺពួកសត្វទាំងអស់ តែងកើត (ត្រូវអាស្រ័យស្ត្រីទាំងនោះ) បុរសដូចម្តេច ប្តូរជីវិតដោយជីវិតហើយ គប្បីនឿយណាយក្នុងស្រី្តទាំងនោះ។ ម្នាលសុមុខៈ អ្នកឯងហ្នឹងហើយ មិនមែនជាអ្នកដទៃ រមែងប្រកបក្នុងប្រយោជន៍ចំពោះពួកស្រ្តី ភ័យកើតឡើងដល់អ្នកក្នុងថ្ងៃនេះ គំនិតរបស់អ្នកក៏កើតឡើងដោយសេចក្តីភ័យ។ ជនទាំងអស់ ដល់នូវសេចក្តីសង្ស័យ ក្នុងជីវិត ហើយជាអ្នករន្ធត់ ប្រឹងអត់ទ្រាំនូវសេចក្តីខ្លាច ចំណែកពួកបណ្ឌិត ជាអ្នកឋិតនៅក្នុងទីដ៏ប្រសើរ តែងប្រកបក្នុងប្រយោជន៍ដែលគេប្រកបបានដោយក្រ។ ព្រះរាជាទាំងឡាយ តែងប្រាថ្នានូវមន្ត្រីដែលមានសេចក្តីក្លៀវក្លា ដើម្បីប្រយោជន៍ការពារនូវអន្តរាយនេះ ព្រោះមន្ត្រីដែលក្លៀវក្លា រមែងឃាត់នូវសេចក្តីអន្តរាយ និងការពារនូវខ្លួនបាន។
ID: 636873354256103440
ទៅកាន់ទំព័រ៖