ព្រះត្រៃបិដក ភាគ ៦១

​នេះ​កម្រាល​នៃ​ស្លឹកឈើ​ទាល​ ​មាន​សភាព​រាត់រាយ​ ​ដែល​ខ្ញុំ​ ​និង​គេ​ដេក​ប្រកៀក​ប្រឱប​លើ​គ្នា​ ​យើង​ទាំងពីរ​នាក់​នោះ​អស់កម្លាំង​ ​ក៏​ចុះ​ងូតទឹក​ ​ហើយ​ចូល​ទៅកាន់​បណ្ណ​កុដិ​រឿយ​ៗ​។​ ​បពិត្របិតា​ ​ខ្ញុំ​មិនបាន​ជួបនឹង​ព្រហ្មចារី​នោះ​ ​ដរាបណា​ ​មន្ត​ទាំងឡាយ​មិន​ជាក់ច្បាស់​ដល់​ខ្ញុំ​ក្នុងថ្ងៃនេះ​ផង​ ​ខ្ញុំ​មិន​ពេញចិត្ត​នឹង​ការ​បូជា​ភ្លើង​ផង​ ​មិន​ពេញចិត្ត​នឹង​ការ​បូ​ជាយ័​ញ្ញ​ផង​ ​ទាំង​មិន​បរិភោគ​មើម​ឈើ​ ​និង​ផ្លែឈើ​របស់​លោក​ផង​ ​ដរាប​នោះ​។​ ​បពិត្របិតា​ ​ចំណែក​លោក​ជ្រាប​ច្បាស់ប្រាកដ​ ​ព្រហ្មចារី​ ​(​នោះ​)​ ​នៅក្នុង​ទិស​ណា​ ​បពិត្របិតា​ ​សូម​លោក​ជូន​ខ្ញុំ​ទៅ​ឲ្យ​ដល់​ទិស​នោះ​យ៉ាង​ឆាប់​ ​កុំ​ឲ្យ​ខ្ញុំ​ស្លាប់​ក្នុង​អាស្រម​របស់​លោក​ឡើយ​ ​ដ្បិត​ខ្ញុំ​បានឮ​ថា​ ​ព្រៃ​ ​(​ជាទី​នៅ​នៃ​ព្រហ្មចារី​នោះ​)​ ​មាន​ផ្ការីក​ស្គុះស្គាយ​ដ៏​វិចិត្រ​ ​ហើយ​ជាទី​គឹកកង​ដោយ​បក្សី​ ​ជាទី​ដែល​ពួក​បក្សី​នៅ​អាស្រ័យ​ ​(​ជានិច្ច​)​ ​បពិត្របិតា​ ​សូម​លោក​ជូន​ខ្ញុំ​ទៅ​ឲ្យ​ដល់​ព្រៃ​នោះ​ឆាប់​ៗ​ ​មុន​ខ្ញុំ​នឹង​លះ​ជីវិត​ក្នុង​អាស្រម​របស់​លោក​។​
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 636873166109772085
ទៅកាន់ទំព័រ៖