ព្រះត្រៃបិដក ភាគ ៦១
[២១៥] ព្រះរាជា ព្រះនាមសំយមៈ ទតឃើញហង្សទាំងពីរនោះ ប្រាកដស្មើដោយបុណ្យដែលសន្មតថា មានលក្ខណៈល្អ ទ្រង់ត្រាស់ទៅនឹងពួកអាមាត្យថា អ្នកទាំងឡាយ ចូរឲ្យសំពត់ បាយ ទឹក និងភោជន ដល់នាយពា្រន ចូរបំពេញសេចក្តីប្រាថ្នាដោយប្រាក់ដែលព្រាននេះប្រាថ្នាចុះ។
[២១៦] ព្រះរាជាក្នុងដែនកាសី ទ្រង់បានទតឃើញព្រានព្រៃមានចិត្តរីករាយ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលខេមកៈជាសំឡាញ់ បើស្រះបោក្ខរណីពេញពាសដោយពួកហង្ស។ អ្នកមានដៃកាន់អន្ទាក់ ចូលទៅរកហង្សដែលឋិតនៅក្នុងកណ្តាលនៃពួកហង្សដ៏រុងរឿង ដោយប្រការដូចម្តេច អ្នកចាប់ហង្សដ៏ឧត្តមដែលនៅលាយឡំដោយពួកហង្សជាញាតិ ដោយប្រការដូចម្តេច។
[២១៧] (ព្រានព្រៃ…) កាលទូលព្រះបង្គំជាខ្ញុំ ចូលទៅកាន់ទីជាទីកាន់យកនូវចំណី (របស់ហង្ស) ថ្ងៃនេះ ជារាត្រីគំរប់ ៧ ទូលព្រះបង្គំជាខ្ញុំ ស្វែងរកនូវស្នាមជើងនៃហង្សនោះ ឥតមានធ្វេសប្រហែស អាស្រ័យនៅតែក្នុងពាង។ លុះទូលព្រះបង្គំជាខ្ញុំ បានឃើញស្នាមជើងនៃរាជហង្សនោះ ត្រាច់ស្វែងរកទីជាទីកាន់យកចំណីហើយ ទើបទូលព្រះបង្គំជាខ្ញុំ បានដាក់អន្ទាក់ក្នុងទីនោះ រួចចាប់យករាជហង្សនោះ ដោយឧបាយយ៉ាងនេះ។
ID: 636873354795694303
ទៅកាន់ទំព័រ៖