ព្រះត្រៃបិដក ភាគ ៦១
[២១៨] (ព្រះរាជា…) ម្នាលនាយព្រាន បក្សីនេះ ចុះហេតុអ្វីក៏បានជាអ្នកពោលថា បក្សីមួយ ចិត្តរបស់អ្នកប្រែប្រួលឬ ឬមួយអ្នកប្រាថ្នាដូចម្តេចវិញ។
[២១៩] (ព្រានព្រៃ…) ឆ្នូតក្រហមល្អ ភ្លឺរុងរឿង ឋិតនៅផ្ទាល់នឹងទ្រូងនៃហង្សណា ហង្សនោះ បានចូលមកជាប់អន្ទាក់របស់ទូលព្រះបង្គំជាខ្ញុំ ចំណែកបក្សីដែលភ្លឺផ្លេកនេះ មិនបានជាប់អន្ទាក់ទេ ចំរើននូវអរិយធម៌ បានឈរនិយាយវាចាជារបស់មនុស្សនឹងបក្សីដែលជាប់ចំណងកំពុងតែក្តៅក្រហាយ (ដោយទុក្ខ)។
[២២០] (ព្រះរាជា…) ម្នាលសុមុខៈ ឥឡូវនេះ អ្នកឈរទល់ចង្កា (បិតមាត់) តើព្រោះហេតុអ្វី ឬក៏អ្នកមកកណ្តាលបរិស័ទរបស់យើងហើយ មានសេចក្តីភ័យខ្លាច ទើបមិនពោល។
[២២១] (ហង្សសេនាបតី…) បពិត្រព្រះអង្គ ជាធំក្នុងដែនកាសី ទូលព្រះបង្គំជាខ្ញុំ មិនមែនខ្លាច ព្រោះតែចូលមកកាន់បរិស័ទរបស់ព្រះអង្គទេ ទូលព្រះបង្គំជាខ្ញុំ មិនមែនជានឹងមិននិយាយព្រោះខ្លាចទេ កាលបើមានហេតុប្រាកដដូច្នោះហើយ ទូលព្រះបង្គំជាខ្ញុំ មុខជានឹង (បញ្ចេញ) នូវវាចា។
ID: 636873355069649972
ទៅកាន់ទំព័រ៖