ព្រះត្រៃបិដក ភាគ ៦១
[២២២] (ព្រះរាជា…) យើងមិនឃើញទាហាន មិនឃើញពលរថ មិនឃើញពលថ្មើរជើង មិនឃើញខែល មិនឃើញជនអ្នកកាន់អម្បែង មិនឃើញជនអ្នកពាក់អាវក្រោះ មិនឃើញអ្នកកាន់ធ្នូរបស់អ្នកឡើយ។ ម្នាលសុមុខៈ យើងមិនឃើញប្រាក់ ឬមាស ឬនគរ ដែលគេសាងល្អហើយ ជានគរមានគូដ៏ដេរដាស មិនងាយទៅមកបាន ជានគរមានប៉ម និងក្លោងទ្វារដ៏មាំទេ ជាកន្លែងដែលអ្នកចូលទៅហើយ មិនខ្លាចនូវហេតុដែលគេគួរខ្លាច។
[២២៣] (ហង្សសេនាបតី…) ទូលព្រះបង្គំជាខ្ញុំ មិនត្រូវការដោយទាហាន ដោយនគរ ឬដោយទ្រព្យទេ ពួកទូលព្រះបង្គំជាខ្ញុំ តែងទៅកាន់ផ្លូវតាមផ្លូវ មិនមែនជាផ្លូវដែលព្រះអង្គទៅបានទេ ទូលព្រះបង្គំជាខ្ញុំ ត្រាច់ទៅឰដ៏អាកាស។ ព្រះអង្គបានទ្រង់ឮហើយថា ពួកទូលព្រះបង្គំជាខ្ញុំ ជាបណ្ឌិត មានប្រាជ្ញាដ៏ល្អិត ជាអ្នកគិតនូវអាថ៌កំបាំង បើព្រះអង្គប្រតិស្ថានក្នុងសច្ចៈ ពួកទូលព្រះបង្គំជាខ្ញុំនឹងពោលនូវវាចាដែលមានប្រយោជន៍។ ឯវាចាជាសុភាសិត ដែលព្រះអង្គមិនមានសច្ចៈ ជាបុគ្គលមិនប្រសើរបានពោលដល់ព្រានព្រៃ ជាអ្នកល្មោភនិយាយកុហកដែរ នឹងធ្វើដូចម្តេច។
ID: 636873355273481630
ទៅកាន់ទំព័រ៖