ព្រះត្រៃបិដក ភាគ ៦១
[២២៦] (ហង្សសេនាបតី…) បពិត្រព្រះអង្គជាធំក្នុងដែនកាសី យើងទាំងឡាយ ជាសត្វ កាលបើជីវិតចូលទៅរក (សេចក្តីស្លាប់) ហើយ ដល់នូវកាលកំណត់ដែលត្រូវស្លាប់ហើយ ពោលនូវពាក្យដែលមានប្រយោជន៍មិនបានទេ។ បុគ្គលណា សម្លាប់ម្រឹគដោយម្រឹគ ឬបក្សីដោយបក្សី ម្យ៉ាងទៀត បៀតបៀននូវបុគ្គលដែលមានឈ្មោះល្បី ដោយរបស់ដែលមានឈ្មោះល្បី អំពើអ្វីដែលអាក្រក់ជាងអំពើរបស់បុគ្គលនោះទៅទៀត។ បុគ្គលណា និយាយសំដីដ៏ប្រសើរ ប៉ុន្តែជាបុគ្គលមិនប្រព្រឹត្តធម៌ដ៏ប្រសើរ បុគ្គលនោះ រមែងឃ្លាតចាកលោកទាំងពីរ គឺលោកនេះ និងលោកខាងមុខ។ បុគ្គលដែលបាននូវយស មិនគួរស្រវឹង ដល់នូវការសង្ស័យក្នុងជីវិត មិនគួរទុក្ខលំបាកឡើយ គួរព្យាយាមក្នុងកិច្ចទាំងឡាយផង គួរបិទនូវប្រហោង គឺ (ទោស) ទាំងឡាយផង។ ពួកបុគ្គលណា ចំរើនដោយគុណ ដល់កាលកំណត់ដែលត្រូវស្លាប់ មិនល្មើសធម៌ ទាំងបានប្រព្រឹត្តធម៌ ក្នុងលោកនេះ ពួកបុគ្គលនោះ រមែងទៅកើតក្នុងត្រៃត្រឹង្សយ៉ាងនេះ។
ID: 636873355727897622
ទៅកាន់ទំព័រ៖