ព្រះត្រៃបិដក ភាគ ៦១
បពិត្រព្រះអង្គជាធំក្នុងដែនកាសី ព្រះអង្គទ្រង់ព្រះសណ្តាប់នូវពាក្យនេះហើយ សូមរក្សានូវធម៌ក្នុងព្រះអង្គចុះ ម្យ៉ាងទៀត សូមព្រះអង្គទ្រង់ដោះលែងនូវរាជហង្សឈ្មោះធតរដ្ឋៈ ដ៏ប្រសើរលើសជាងពួកហង្ស។
[២២៧] (ព្រះរាជា…) ពួកអ្នកបំរើ ចូរនាំមកនូវទឹក (សម្រាប់លាងជើង) ផង នូវប្រេងសម្រាប់លាបជើងផង នូវអាសនៈដែលមានថ្លៃច្រើនផង យើងនឹងដោះនូវរាជហង្សឈ្មោះធតរដ្ឋៈដ៏មានយសចេញអំពីទ្រុង។ ម្យ៉ាងទៀត ហង្សណា កាលបើព្រះរាជាបានសេចក្តីសុខ ខ្លួនក៏បានសេចក្តីសុខដែរ ព្រះរាជាបានសេចក្តីទុក្ខ ខ្លួនក៏បានសេចក្តីទុក្ខដែរ យើងនឹងលែងនូវហង្សនោះ ជាសេនាបតី ជាអ្នកប្រាជ្ញ មានប្រាជ្ញាល្អិត អ្នកគិតនូវអាថ៌កំបាំង។ បុគ្គលបែបនេះ ទើបគួរបរិភោគដុំបាយរបស់ម្ចាស់បាន ដូចជាហង្សសេនាបតីឈ្មោះសុមុខៈនេះ ជាសំឡាញ់មានជីវិតស្មើនឹងស្តេច។
[២២៨] (អភិសម្ពុទ្ធគាថា) រាជហង្សឈ្មោះធតរដ្ឋៈ បានចូលទៅទំលើតាំង ជាវិការៈនៃមាសសុទ្ធមានជើងប្រាំ ជាទីរីករាយនៃចិត្ត ជាតាំងដ៏រលីង ក្រាលដោយសំពត់អ្នកដែនកាសី។
ID: 636873356044265717
ទៅកាន់ទំព័រ៖