ព្រះត្រៃបិដក ភាគ ៦១
ចំណែកហង្សសេនាបតី ឈ្មោះសុមុខៈ បានចូលទៅទំលើកៅអីជាវិការៈនៃមាសសុទ្ធ ដែលពាសដោយស្បែកខ្លា ក្នុងទីជាលំដាប់នៃរាជហង្សឈ្មោះធតរដ្ឋៈ។ ពួកអ្នកដែនកាសីជាច្រើន បាននាំយកនូវភោជនមានរសដ៏ប្រសើរ ដែលគេបញ្ជូនទៅថ្វាយព្រះរាជា ដោយភាជន៍ជាវិការៈនៃមាសទាំងឡាយ ហើយក៏បង្អោនទៅដល់ហង្សទាំងនោះ។
[២២៩] រាជហង្សឈ្លាសវៃក្នុងបដិសណ្ឋារធម៌ លុះបានឃើញទឹក និងភោជនដ៏ប្រសើរដែលគេនាំមក ដែលព្រះរាជាក្នុងដែនកាសីទ្រង់បញ្ជូនមកហើយ សួរក្នុងកាលជាលំដាប់នោះថា ព្រះអង្គទ្រង់បានសេចក្តីសុខស្រួលដែរឬ ព្រះអង្គមិនមានជម្ងឺដម្កាត់អ្វីទេឬ ព្រះអង្គគ្រប់គ្រងដែនដ៏ធំទូលាយនេះ ដោយធម៌ដែរឬ។
[២៣០] (ព្រះរាជា…) ម្នាលហង្ស យើងមានសេចក្តីសុខស្រួលដែរ ម្នាលហង្ស យើងមិនមានជម្ងឺដម្កាត់អ្វីទេ យើងគ្រប់គ្រងដែនដ៏ធំទូលាយនេះត្រឹមត្រូវដោយធម៌ហើយ។
[២៣១] (រាជហង្ស…) ទោសតិចតួចរបស់ព្រះអង្គមិនមានក្នុងពួកអាមាត្យទេឬ អាមាត្យទាំងនោះ មិនអាល័យក្នុងជីវិតចំពោះប្រយោជន៍ទាំងឡាយរបស់ព្រះអង្គទេឬ។
ID: 636873356425227507
ទៅកាន់ទំព័រ៖