ព្រះត្រៃបិដក ភាគ ៦១
[២៣២] (ព្រះរាជា…) ទោសតិចតួចរបស់យើង មិនមានក្នុងពួកអាមាត្យទេ អាមាត្យទាំងនោះ មិនអាល័យក្នុងជីវិតចំពោះប្រយោជន៍ទាំងឡាយរបស់យើងទេ។
[២៣៣] (រាជហង្ស…) អគ្គមហេសីដែលមានជាតិស្មើនឹងព្រះអង្គ ជាស្រ្តីស្តាប់បង្គាប់ ពោលនូវពាក្យជាទីស្រឡាញ់ ប្រកបដោយបុត្ត រូប និងយស ជាស្រ្តីលុះអំណាចសេចក្តីប្រាថ្នារបស់ព្រះអង្គទេឬ។
[២៣៤] (ព្រះរាជា…) អគ្គមហេសីដែលមានជាតិស្មើនឹងយើង ជាស្រ្តីស្តាប់បង្គាប់ ពោលនូវពាក្យជាទីស្រឡាញ់ បានប្រកបដោយបុត្ត រូប និងយស ជាស្រ្តីលុះអំណាចសេចក្តីប្រាថ្នារបស់យើង។
[២៣៥] (រាជហង្ស…) ព្រះអង្គមិនបៀតបៀនអ្នកដែន ដែលមិនមានឧបទ្រពអំពីទីណា គ្រប់គ្រងដោយអាការមិនរួសរាន់តាមធម៌ដ៏ស្មើទេឬ។
[២៣៦] (ព្រះរាជា…) យើងមិនបានបៀតបៀនអ្នកដែន ដែលមិនមានឧបទ្រពអំពីទីណា គ្រប់គ្រងដោយការមិនរួសរាន់តាមធម៌ដ៏ស្មើ។
[២៣៧] (រាជហង្ស…) ព្រះអង្គទ្រង់បានគោរពពួកសប្បុរស វៀរបង់ពួកអសប្បុរស មិនលះបង់នូវធម៌ ហើយប្រព្រឹត្តនូវអធម៌ទេឬ។
ID: 636873356796968769
ទៅកាន់ទំព័រ៖