ព្រះត្រៃបិដក ភាគ ៦១
មួយទៀត កែវមណី ស័ង្ខ (ជាទក្ខិណាវដ្ត) កែវមុក្តា (មានសណ្ឋានមូលដូចផ្លែកន្ទួតព្រៃ) សំពត់ខ្លឹមចន្ទន៍ក្រហម ស្បែកខ្លាឃ្មុំ ភណ្ឌៈជាវិការៈនៃភ្លុក លោហៈក្រហម និងលោហៈខ្មៅដ៏ច្រើន យើងឲ្យនូវទ្រព្យទាំងនេះដល់អ្នក យើងនឹងលះបង់នូវភាវៈជាធំដល់អ្នក។
[២៤៤] (រាជហង្ស…) បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ព្រះអង្គបានគោរព ធ្វើសក្ការៈ (ដល់យើងទាំងឡាយ) ដោយពិត សូមព្រះអង្គជាអាចារ្យរបស់យើង ដែលជាអ្នកប្រព្រឹត្តក្នុងធម៌ទាំងឡាយ។ បពិត្រព្រះអង្គជាអាចារ្យ ព្រះអង្គបានអនុញ្ញាត បើកយើងទាំងឡាយឲ្យទៅដោយស្រួលហើយ បពិត្រព្រះអង្គជាអ្នកទូន្មាននូវសត្រូវ យើងទាំងឡាយ សូមធ្វើប្រទក្សិណនូវព្រះអង្គ ហើយទៅជួបនឹងពួកញាតិ។
[២៤៥] (អភិសម្ពុទ្ធគាថា) ព្រះរាជាក្នុងដែនកាសី ទ្រង់បានគិត បានប្រឹក្សានូវហេតុដ៏គួរតាមពិត ពេញមួយរាត្រី ហើយទ្រង់អនុញ្ញាតឲ្យរាជហង្សដ៏ប្រសើរខ្ពង់ខ្ពស់ជាងពួកហង្សហើរទៅ។
[២៤៦] លំដាប់នោះ កាលដែលរាត្រីនោះអស់ហើយ ព្រះអាទិត្យក៏រះឡើង កាលព្រះរាជាក្នុងដែនកាសី ទ្រង់កំពុងទតមើល សត្វហង្សទាំងពីរក៏ហើរចេញទៅអំពីទីនៅរបស់ព្រះរាជា។
ID: 636873357575463296
ទៅកាន់ទំព័រ៖