ព្រះត្រៃបិដក ភាគ ៦១
[២៤៧] ហង្សទាំងឡាយ លុះបានឃើញបក្សីហង្សដ៏ប្រសើរទាំងពីរនោះ មិនមានរោគ មកដល់ហើយ ក៏ធ្វើនូវសម្លេងថា កេកាៗ ដូច្នេះ សូរសព្ទរំពងក៏កើតឡើង។ បក្សីហង្សជាអណ្ឌជាតិទាំងនោះ មានចិត្តរីករាយ ព្រោះម្ចាស់រួចហើយ ជាសត្វគោរពម្ចាស់ ជាសត្វបាននូវទីពឹង ក៏ចោមរោមម្ចាស់ដោយជុំវិញ។
[២៤៨] ប្រយោជន៍គ្រប់យ៉ាងរបស់ពួកជនអ្នកមានមិត្តល្អ រមែងជាប្រយោជន៍គួរចំរើន ដូចហង្សឈ្មោះធតរដ្ឋៈ និងហង្សឈ្មោះសុមុខៈ បានចូលទៅចួបនឹងពួកញាតិ។
ចប់ មហាហង្សជាតក ទី២។
សុធាភោជនជាតក ទី៣
[២៤៩] (កោសិយសេដ្ឋី ពោលថា) ខ្ញុំមិនមែនទិញ មិនមែនលក់ទេ មួយទៀត ការសន្សំទុករបស់ខ្ញុំ ក៏មិនមានក្នុងទីនេះដែរ របស់នេះ មានប្រមាណតិច មានសភាពដ៏ក្រណាស់ បាយចំនួនអង្ករមួយនាឡិនេះ មិនល្មមដល់ជនពីរនាក់ទេ។
[២៥០] (សក្កទេវរាជ ពោលថា) បុគ្គលគប្បីឲ្យវត្ថុតិចអំពីវត្ថុតិច គួរឲ្យវត្ថុពាក់កណ្តាលអំពីវត្ថុពាក់កណ្តាល គួរឲ្យវត្ថុច្រើនអំពីវត្ថុច្រើន ការមិនឲ្យ មិនកើតទេ។
ID: 636873357923753217
ទៅកាន់ទំព័រ៖