ព្រះត្រៃបិដក ភាគ ៦១
ម្នាលកោសិយៈ ព្រោះហេតុនោះ យើងនិយាយនឹងអ្នក ចូរអ្នកឲ្យនូវទានផង ចូរបរិភោគផង អ្នកចូរឡើងកាន់អរិយមគ្គ ព្រោះថា បុគ្គលអ្នកបរិភោគម្នាក់ឯង មិនបានសេចក្តីសុខទេ។
[២៥១] (ចន្ទទេវបុត្រ…) បុគ្គលណា កាលបើភ្ញៀវអង្គុយហើយ បរិភោគនូវភោជនម្នាក់ឯង ការបូជារបស់បុគ្គលនោះ ជាការឥតអំពើ ទាំងការព្យាយាមជាហេតុឲ្យកើតទ្រព្យ (របស់បុគ្គលនោះ) ក៏ឥតអំពើដែរ។ ម្នាលកោសិយៈ ព្រោះហេតុនោះ យើងនិយាយនឹងអ្នក ចូរអ្នកឲ្យទានផង ចូរបរិភោគផង ចូរឡើងកាន់អរិយមគ្គ ព្រោះថា បុគ្គលអ្នកបរិភោគម្នាកឯង មិនបានសេចក្តីសុខទេ។
[២៥២] (សុរិយទេវបុត្ត…) បុគ្គលណា កាលបើភ្ញៀវអង្គុយហើយ មិនបរិភោគនូវភោជនម្នាក់ឯង ការបូជារបស់បុគ្គលនោះ ជាការបូជាពិតមែន ទាំងការព្យាយាមជាហេតុឲ្យកើតទ្រព្យ (របស់បុគ្គលនោះ) ក៏ជាការព្យាយាមពិតមែន។ ម្នាលកោសិយៈ ព្រោះហេតុនោះ យើងនិយាយនឹងអ្នក ចូរអ្នកឲ្យទានផង ចូរបរិភោគផង ចូរឡើងកាន់អរិយមគ្គ ព្រោះថា បុគ្គលអ្នកបរិភោគម្នាក់ឯង មិនបានសេចក្តីសុខទេ។
ID: 636873358145945926
ទៅកាន់ទំព័រ៖