ព្រះត្រៃបិដក ភាគ ៦១

 ​[​២៥៥​]​ ​(​កោសិយ​សេដ្ឋី​…​)​ ​អើហ្ន៎​ ​ព្រាហ្មណ៍​ទាំងនេះ​ ​ពេញជា​មាន​សម្បុរ​ល្អ​លើសលុប​ ​ចុះ​ឆ្កែ​នេះ​របស់​ពួក​អ្នក​ ​ក្លែងខ្លួន​ឲ្យ​មាន​ពណ៌​រុង​រឿង​ប្លែក​ៗ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ព្រាហ្មណ៍​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ចូរ​ប្រាប់​យើង​ ​អ្នក​ទាំងឡាយ​ជា​អ្វី​។​
 [​២៥៦​]​ ​(​ព្រះឥន្ទ្រ​…​)​ ​ព្រាហ្មណ៍​ទាំងពីរ​នាក់​ដែល​មក​ក្នុង​ទីនេះ​ ​គឺ​ចន្ទ​ទេវបុត្ត​ ​និង​សុរិយ​ទេវបុត្ត​ ​ចំណែក​ព្រាហ្មណ៍​នេះ​ ​គឺ​មាត​លិ​ទេវបុត្ត​ ​ដែល​ជា​ទេវ​សារថី​ ​ឯ​យើង​ជា​សក្កៈ​ ​ជាធំ​ជាង​ពួក​ទេវតា​ក្នុង​ជាន់​តាវត្តឹង្ស​ ​ឯ​ព្រាហ្មណ៍​នេះ​ ​គេ​ហៅ​ថា​បញ្ច​សិ​ខៈ​។​
 [​២៥៧​]​ ​ល្បែង​ទះដៃ​ក្តី​ ​ស្គរ​សំភោរ​ក្តី​ ​ស្គរ​តូច​ ​និង​ស្គរធំ​ក្តី​ ​តែង​ញ៉ាំង​បញ្ច​សិ​ខ​ទេវបុត្ត​នេះ​ដែល​ដេកលក់​ ​ឲ្យ​ភ្ញាក់​ឡើង​បាន​ ​លុះ​បញ្ច​សិ​ខ​ទេវបុត្ត​នោះ​ភ្ញាក់​ឡើង​ហើយ​ ​រមែង​រីករាយ​។​
 [​២៥៨​]​ ​ពួក​ជន​ណា​នីមួយ​ ​មាន​សេចក្តី​កំណាញ់ស្វិត​ស្វាញ​ ​ជា​អ្នក​ប្រទេចផ្តាសា​នូវ​សមណព្រាហ្មណ៍​ ​ពួក​ជន​នោះ​ ​ដាក់ចុះ​នូវ​រាងកាយ​ ​គឺ​សរីរៈ​ក្នុង​លោក​នេះ​ ​លុះ​បែកធ្លាយ​រាងកាយ​ហើយ​ ​រមែង​ទៅ​កើត​ក្នុង​នរក​។​ ​ពួក​ជន​ណា​នីមួយ​ ​កាល​ប្រាថ្នា​នូវ​សុគតិ​ ​ឋិតនៅ​ក្នុង​ធម៌​ ​គឺ​ការ​សង្រួម​ ​និង​ការចែក​រំលែក​នូវ​ទាន​ ​ពួក​ជន​នោះ​ ​ដាក់ចុះ​នូវ​រាងកាយ​ ​គឺ​សរីរៈ​ក្នុង​លោក​នេះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​រមែង​ទៅកាន់​សុគតិ​។​
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 636873358592871489
ទៅកាន់ទំព័រ៖