ព្រះត្រៃបិដក ភាគ ៦១
គ្រានោះ ឥសីដ៏ប្រសើរ ជាអ្នកអាចទៅកាន់លោកទាំងអស់ បានកាន់យកនូវផ្កាទុមវរសាខា ដែលរីកស្គុះស្គាយ និមន្តមក។ ផ្កានោះ ជាផ្កាស្អាត មានក្លិនក្រអូប ដែលពួកទេវតាក្នុងជាន់ត្រៃត្រឹង្សធ្វើសក្ការៈហើយ ជាផ្កាដ៏ឧត្តម ដែលពួកទេវតាដ៏ប្រសើរសេពហើយ ពួកមនុស្សដទៃក្តី ពួកអសុរក្តី វៀរលែងតែពួកទេវតា មិនដែលបានឡើយ ព្រោះថា ផ្កានោះ ជាប្រយោជន៍ដ៏សមគួរដល់ (ពួកទេវតាទាំងនោះ)។ លំដាប់នោះ នារីទាំងបួន ដែលជាធំលើសអស់ពួកស្រី មានស្បែកភ្លឺដូចមាស ឈ្មោះអាសា ១ សទ្ធា ១ សិរី ១ ហិរី ១ បានក្រោកឡើង ហើយទូលសួរនារទតាបស ជាអ្នកប្រាជ្ញ ទាំងជាព្រាហ្មណ៍ដ៏ប្រសើរដូច្នេះថា បពិត្រមហាមុនីដ៏ប្រសើរ បើផ្កាបរិច្ឆត្តព្រឹក្សនេះ លោកមិនឧទ្ទិស (អ្នកណាទេ) សូមលោកឲ្យដល់ពួកយើង គតិ (នៃចិត្ត) ទាំងពួង សូមសម្រេចដល់លោក ទោះបីលោក ក៏សូម (ឲ្យមានមេត្តា) ចំពោះពួកយើង ដូចជាព្រះវាសវៈដែរ។ នារទតាបស បានឃើញពួកនារីមកសុំនូវផ្កានោះ ក៏ពោលថា នាងនិយាយនូវពាក្យនាំឲ្យបង្កជំលោះ ប្រយោជន៍តិចតួចដោយផ្កាឈើទាំងនេះ មិនមានដល់យើងទេ នាងណា ដែលចម្បងជាងនាងទាំងឡាយ នាងនោះ ចូរប្រដាប់ផ្កានេះចុះ។
ID: 636873359093190105
ទៅកាន់ទំព័រ៖