ព្រះត្រៃបិដក ភាគ ៦១
[២៨៦] (អភិសម្ពុទ្ធគាថា) នាងហិរីនោះ ជាស្រីមិនសេពគប់នូវសត្វលាមកសព្វៗកាល ដែលកោសិយតាបសមានអានុភាពដ៏រុងរឿងអនុញ្ញាតហើយ ក៏ចូលទៅកាន់អាស្រម ជាទីរីករាយ ជាអាស្រមមានទឹក មានផ្លែឈើ ដែលពួកអរិយជនបូជាហើយ។ ជិតអាស្រមនោះ មានព្រៃឈើស៊ុមទ្រុមដ៏ច្រើន មានផ្ការីកហើយ ដើមស្វាយ ដើមទ្រយឹង ដើមខ្នុរ ដើមចារ ដើមម្រុម ដើមលោទ ដើមភ្លៅកង្កែប ដើមលំចេក ដើមចន្ទន៍ ដើមត្រមួច មានផ្ការីកហើយ។ ជិតអាស្រមនោះ មានដើមឈើច្រើន គឺដើមរាំង ដើមថា្លន់ ដើមព្រីង ដើមពោធិ៍បាយ ដើមជ្រៃ ដើមស្រគំ មានមែកទោរទន់ចុះ និងដើមរាជព្រឹក្ស ដើមច្រនៀង ដើមជ្រៃពួរ ដើមរាំងអន្លក់ និងដើមលំចេក មានក្លិនផ្សព្វផ្សាយគួរគាប់ចិត្ត។ ជិតអាស្រមនោះ មានអបរណ្ណជាតិ អំពៅខ្មៅ សណ្តែកព្រៃ ដើមទន្លាប់ ស្រងែ និងគែលលក សណ្តែករាជមាស ចេកមានគ្រាប់ និងស្រូវស ស្រូវក្រហមជាច្រើន ផ្លែចេញជាអង្ករគួរបរិភោគបាន។
ID: 636873362567008796
ទៅកាន់ទំព័រ៖