ព្រះត្រៃបិដក ភាគ ៦១

​នៅ​ខាងជើង​នៃ​ទី​អាស្រម​នោះ​ ​មាន​ជាតស្រះ​បោក្ខរណី​ដ៏​ក្សេម​ ​មិន​មាន​វត្ថុ​អាក្រក់​ ​មាន​កំពង់​មិន​ចោទ​ ​ជា​ស្រះ​ដ៏​ស្អាត​ប្រកបដោយ​ទឹក​មាន​ក្លិន​មិន​គួរ​ខ្ពើម​។​ ​ក្នុង​ស្រះ​នោះ​ ​មាន​ពួក​ត្រី​ ​ត្រេកត្រអាល​ ​ជា​សត្វ​មាន​សេចក្តី​ក្សេម​ ​មាន​គ្រឿង​បរិភោគ​ដ៏​ច្រើន​ ​គឺ​ត្រី​ផ្ទក់​ ​ត្រី​ខ្ជឹង​ ​ត្រីក្រាយ​ ​បង្កង​ ​ត្រី​ឆ្ពិន​ ​ត្រី​ស្លាត​ ​និង​ត្រីក្អែក​ ​ក៏​ហែបហែល​ទៅមក​ដេរដាស​។​ ​ក្នុង​ស្រះ​នោះ​ ​មាន​ពួក​សត្វស្លាប​ត្រេកត្រអាល​ ​ជា​សត្វ​មាន​សេចក្តី​ក្សេម​ ​មាន​គ្រឿង​បរិភោគ​ដ៏​ច្រើន​ ​គឺ​ហង្ស​ ​ក្រៀល​ ​ក្ងោក​ ​ចាក​ក្រពា​ក​ ​អក​ ​តា​វ៉ៅ​ ​ក្ងោកមាស​ ​ទោម​ ​ព្រហីត​ ​ដ៏​ច្រើន​។​ ​មាន​ពួក​សត្វ​ ​គឺ​ហ្វូង​នៃ​ម្រឹគ​ផ្សេង​ៗ​ ​ជាច្រើន​ ​គឺ​សីហៈ​ ​ខ្លាធំ​ ​ខ្លាឃ្មុំ​ ​ឆ្កែព្រៃ​ ​ខ្លារខិន​ ​រមាស​ ​គោព្រៃ​ ​ក្របី​ ​រមាំង​ ​ប្រើស​ ​ទ្រាយ​ ​ជ្រូកព្រៃ​ ​ក្តាន់​ ​និង​ជ្រូកស្រុក​ ​មក​ប្រជុំ​គ្នា​ក្បែរ​ស្រះ​នោះ​។​ ​មាន​ឈ្លូស​ ​ឆ្មា​ ​ទន្សាយ​ ​និង​ខ្ទីង​ជាច្រើន​ ​ផែនដី​ ​និង​ភ្នំ​ ​ពេញពាស​ដោយ​ផ្កា​ដ៏​វិចិត្រ​ ​កងរំពង​ដោយ​សម្លេង​នៃ​សត្វ​បក្សី​ ​មាន​ហ្វូងបក្សី​គប់​រក​ជានិច្ច​ក្បែរ​ស្រះ​នោះ​។​
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 636873362742248819
ទៅកាន់ទំព័រ៖