ព្រះត្រៃបិដក ភាគ ៦១

​នាង​ហិរី​នោះ​ ​ដែល​កោសិយ​តាបស​មាន​អានុភាព​ដ៏​រុងរឿង​ ​បាន​អនុញ្ញាត​ហើយ​ ​ជា​ស្រី​ស្រវឹង​ដោយ​ការ​ស្រវឹង​នឹង​វណ្ណៈ​ ​ក៏​ទៅ​ក្នុង​សំណាក់​ព្រះឥន្ទ្រ​ជា​សហស្ស​ចក្ខុ​ ​រួច​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​វាសវៈ​ ​នេះ​ជា​សុធាភោជន​ ​សូម​ព្រះអង្គ​ទ្រង់ប្រទាន​នូវ​ជ័យជំនះ​ដល់​ខ្ញុំ​។​ ​នាង​ហិរី​នោះ​ ​ដែល​ពួក​ទេវតា​ ​និង​មនុស្ស​ផ្គង​អញ្ជលី​បូជា​ហើយ​ ​ក៏​ចូល​ទៅ​អង្គុយ​លើ​កៅអី​ដ៏​ថ្មី​ក្នុង​កាលណា​ ​ព្រះឥន្ទ្រ​ ​ព្រមទាំង​ពួក​ទេវតា​ ​ក៏​បូជា​នាង​ហិរី​នោះ​ ​ជា​ទេវធីតា​ដ៏​ឧត្តម​ក្នុង​កាលនោះ​។​
 [​២៨៨​]​ ​សហស្សនេត្ត​ ​ជាធំ​ជាង​ពួក​ទេវតា​ជាន់​ត្រៃត្រឹង្ស​ ​ទ្រង់​បាន​ត្រាស់​នឹង​មាត​លិ​ទេវបុត្ត​នោះ​ម្តង​ទៀត​ថា​ ​អ្នក​ចូរ​ទៅ​សួរ​កោសិយ​តាបស​ ​តាម​ពាក្យ​របស់​យើង​ថា​ ​បពិត្រ​កោសិយៈ​ ​នាង​ហិរី​ ​ដទៃ​អំពី​នាង​អាសា​ ​នាង​សទ្ធា​ ​នាង​សិរី​ ​បាន​នូវ​សុធាភោជន​ ​ដោយហេតុ​អ្វី​។​ ​
 [​២៨៩​]​ ​មាត​លិ​ទេវបុត្ត​ ​បាន​ឡើងជិះ​រថ​នោះ​ ​អណ្តែត​ទៅ​ដោយ​ស្រួល​ដ៏​រុងរឿង​ប្រហែល​នឹង​គ្រឿ​ឧបករណ៍​ ​មាន​ចន្ទោល​ជា​វិការៈ​នៃ​មាសជម្ពូនទ​ ​ភ្លឺ​ដូចជា​អណ្តាត​ភ្លើង​ ​ដែល​បុញ្ញឫទ្ធិ​ប្រដាប់​ស្រស់​ល្អ​ ​ប្រកបដោយ​កម្រាល​ជា​វិការៈ​នៃ​មាស​ ​វិចិត្រ​ដោយ​កែវ​ ​៧​ ​ប្រការ​។​ ​
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 636873363198754930
ទៅកាន់ទំព័រ៖