ព្រះត្រៃបិដក ភាគ ៦១
ក្នុងរថនុ៎ះ មានរូបព្រះចន្ទជាវិការៈនៃមាស រូបដំរី គោ សេះ កិន្នរ ខ្លាធំ ខ្លាដម្បង ទ្រាយជាច្រើនក្នុងរថនោះ មានរូបបក្សីជាវិការៈនៃកែវផ្សេងៗ ក្នុងរថនោះ មានទាំងរូបម្រឹគប្រកបដោយហ្វូងជាវិការៈនៃកែវពៃទូរ្យក្នុងរថនោះ។ ពួកទេវតា បានទឹមនូវស្តេចសេះ មានសម្បុរលឿងមួយពាន់ក្នុងរថនោះ ជាសេះមានសម្បុរដូចមាស ប្រហែលនឹងដំរីស្ទាវ ប្រដាប់ដោយគ្រឿងអលង្ការ មានគ្រឿងប្រដាប់ទ្រូងជាវិការៈនៃបណ្តាញមាស មានគ្រឿងប្រដាប់ពាក់ត្រចៀក ស្ទុះទៅដោយគ្រាន់តែឮសម្លេង ជាសេះមានសន្ទុះដ៏លឿន។ មាតលិទេវបុត្តបានឡើងជិះរថនោះ ជាយានដ៏ប្រសើរ ហើយញ៉ាំងទិសទាំង ១០ នេះ ឲ្យគឹកកងរំពង ទាំងញ៉ាំងអាកាសភ្នំ ឈើម្ចាស់ព្រៃ សាគរ និងផែនដីឲ្យរំភើបញាប់ញ័រ។ មាតលិទេវបុត្តនោះ ចូលទៅកាន់អាស្រមជាឆាប់ ពានាសំពត់ទិព្វជាស្រេច រួចផ្គងអញ្ជលីពោលទៅនឹងកោសិយតាបស ជាទេវព្រាហ្មណ៍ ដែលជាពហុស្សូត ជាអ្នកចំរើនដោយគុណ មានអាចរិយវត្តទូន្មានហើយ ដូច្នេះថា
ID: 636873363371284798
ទៅកាន់ទំព័រ៖