ព្រះត្រៃបិដក ភាគ ៦១
ជាប្រទេសដ៏ប្រដាប់ដោយវត្ថុជាទីត្រេកអរច្រើនយ៉ាង គឺថ្មមនោសិលាមានពណ៌ខៀវដូចផ្កាអញ្ជ័ន ជាតិហិង្គុល មាស ប្រាក់ មាសស្រួយ និងលោហធាតុជាច្រើនយ៉ាង។ បក្សីតាវ៉ៅនោះឯង មានបក្សីញីចំនួន ៣៥០០ សុទ្ធតែបក្សីជំទង់ចាំបំរើ។ មានសេចក្តីដំណាលថា គ្រានោះ បក្សីញីជំទង់ពីរ ពាំមែកឈើដោយចំពុះ ឲ្យបក្សីតាវ៉ៅឈ្មោលនោះទំត្រង់កណ្តាលមែកឈើ ហើរឡើងទៅដោយគិតថា សូមកុំឲ្យមានសេចក្តីលំបាកក្នុងផ្លូវឆ្ងាយបៀតបៀនបក្សីតាវ៉ៅឈ្មោលនោះឡើយ។ ពួកបក្សីកញ្ញាចំនួន ៥០០ ក៏ហើរពីខាងក្រោមៗ ដោយគិតថា បើបក្សីតាវ៉ៅនេះធ្លាក់ពីបង្គង យើងនឹងទទួលបក្សីតាវ៉ៅនោះដោយស្លាបទាំងឡាយ។ ពួកបក្សីកញ្ញាចំនួន ៥០០ ហើរ អំពីខាងលើៗ ដោយគិតថា សូមកុំឲ្យកំដៅក្តៅដល់បក្សីតាវ៉ៅឈ្មោលនោះឡើយ។ ពួកបក្សីកញ្ញាចំនួន ៥០០ ម្ខាងៗ ហើរអមអំពីខាងទាំងពីរ ដោយគិតថា សូមកុំឲ្យត្រជាក់ ក្តៅ ស្មៅធូលី ខ្យល់ ឬទឹកសន្សើមប៉ះពាល់ត្រូវបក្សីតាវ៉ៅឈ្មោលនោះឡើយ។
ID: 636873364328889570
ទៅកាន់ទំព័រ៖