ព្រះត្រៃបិដក ភាគ ៦១
ពួកបក្សីកញ្ញាចំនួន ៥០០ ហើរទៅអំពីខាងមុខៗ ដោយគិតថា សូមកុំឲ្យគង្វាលគោ គង្វាលសត្វចិញ្ចឹម អ្នកនាំស្មៅ អ្នកនាំឧស អ្នកធ្វើការងារក្នុងព្រៃ ប្រហារនូវបក្សីតាវ៉ៅឈ្មោលនោះ ដោយកំណាត់ឈើ ដោយអម្បែង ដោយដៃ (ដោយដុំថ្ម) ដោយដុំដី ដោយដម្បង ដោយសាស្ត្រាវុធ ឬដោយដុំក្រួសទាំងឡាយឡើយ សូមកុំឲ្យបក្សីតាវ៉ៅនោះប៉ះទង្គិចនឹងគុម្ពឈើ វល្លិ៍ ដើមឈើ មែកឈើ សសរ ថ្មភ្នំ ឬពួកបក្សីមានកម្លាំងឡើយ។ ពួកបក្សីកញ្ញាចំនួន ៥០០ ហើរអមអំពីខាងក្រោយៗ និយាយឆ្លើយឆ្លងគ្នា ដោយពាក្យស្រទន់ផូរផង់ពីរោះផ្អែមល្ហែម ដោយគិតថា សូមកុំឲ្យបក្សីតាវ៉ៅនេះ អផ្សុកនៅលើទ្រនំឡើយ។ ពួកបក្សីកញ្ញាចំនួន ៥០០ ហើរទៅគ្រប់ទិស នាំយកផ្លែឈើផ្សេងៗ ចំឡែកជាច្រើន ដោយគិតថា សូមកុំឲ្យបក្សីតាវ៉ៅនេះ លំបាកដោយការស្រេក ឃ្លានឡើយ។ គ្រានោះ ពួកហ្វូងបក្សីកញ្ញាទាំងនោះ ហើរនាំបក្សីតាវ៉ៅនោះអំពីសួនច្បារទៅកាន់សួនច្បារ អំពីឧទ្យាន ទៅកាន់ឧទ្យាន អំពីកំពង់ស្ទឹងទៅកាន់កំពង់ស្ទឹង អំពីកំពូលភ្នំទៅកាន់កំពូលភ្នំ អំពីព្រៃស្វាយទៅកាន់ព្រៃស្វាយ អំពីព្រៃព្រីងទៅកាន់ព្រៃព្រីង អំពីព្រៃខ្នុរសម្លទៅកាន់ព្រៃខ្នុរសម្ល
ID: 636873364488038673
ទៅកាន់ទំព័រ៖