ព្រះត្រៃបិដក ភាគ ៦១
ជាព្រៃទ្រទ្រង់នូវដើមថ្ងាន់ ខ្លែងគង់ ព្រូស ម៉ៃសាក់ កណិការ ដើមច្បារ ដើមប្រមោយដំរី ដើមរលួសផ្អុង ដើមចារ ដើមយុថ្កា និងចង្កោមផ្កាម្លិះព្រៃ ក្តាំងងា ចម្បា ចម្បី នួនស្រី ជាព្រៃដ៏ដេរដាសដោយម្លិះរួត ចេកទេស ច្រនៀង ដើមទ្រាំង ក្រឹស្នា ស្បូវភ្លាំង និងគុម្ពឈើជាពួកៗ ជាប្រទេសដ៏ប្រដាប់ដោយដើមឈើដ៏ដេរដាស គឺដើមរំដួល និងវល្លិ៍មានផ្កាដ៏ល្អ ជាព្រៃឮសូរសម្រែកនៃសត្វហង្ស ទុង ប្រវឹក ក្អែកទឹក ជាទីដែលពួកវិទ្យាធរ សមណៈ និងតាបសឥសីស័ក្តសិទ្ធ នៅអាស្រ័យ ជាប្រទេសដែលនរជន ទេវតា យក្ស អារក្សទឹក អសុរ គន្ធព្វ និងកិន្នរអាស្រ័យនៅជាច្រើន។ មានសេចក្តីដំណាលថា សត្វតាវ៉ៅសឈ្មោះបុណ្ណមុខៈនោះឯង មានបក្សីកញ្ញាចំនួន ៣៥០ ជាអ្នកបម្រើ។ មានសេចក្តីដំណាលថា គ្រានោះឯង មានបក្សីកញ្ញាពីរ ពាំមែកឈើដោយមាត់ ហើយឲ្យសត្វតាវ៉ៅសឈ្មោះបុណ្ណមុខៈនោះទុំត្រង់កណ្តាល ហើរទៅដោយគិតថា កុំឲ្យមានសេចក្តីលំបាកក្នុងផ្លូវឆ្ងាយប៉ះពាល់តាវ៉ៅសឈ្មោះបុណ្ណមុខៈនោះឡើយ។ ពួកបក្សីកញ្ញាចំនួន ៥០ ក៏ហើរពីខាងក្រោមៗ ដោយគិតថា បើតាវ៉ៅសឈ្មោះបុណ្ណមុខៈនេះ នឹងធ្លាក់អំពីបង្គង ពួកយើងនឹងទទួលតាវ៉ៅសនោះ ដោយស្លាបទាំងឡាយ។
ID: 636873364856789764
ទៅកាន់ទំព័រ៖