ព្រះត្រៃបិដក ភាគ ៦១
ពួកបក្សីកញ្ញាចំនួន ៥០ ក៏ហើរអំពីខាងលើៗ ដោយគិតថា សូមកុំឲ្យកំដៅក្តៅដល់តាវ៉ៅសឈ្មោះបុណ្ណមុខៈនោះឡើយ។ ពួកបក្សីកញ្ញាចំនួន ៥០ (ម្ខាង) ក៏ហើរអមអំពីខាងទាំងពីរ ដោយគិតថា សូមកុំឲ្យត្រជាក់ ក្តៅ ស្មៅ ធូលី ខ្យល់ ឬទឹកសន្សើម ប៉ះពាល់ត្រូវតាវ៉ៅសឈ្មោះបុណ្ណមុខៈនោះឡើយ។ ពួកបក្សីកញ្ញាចំនួន ៥០ ហើរទៅអំពីខាងមុខៗ ដោយគិតថា សូមកុំឲ្យគង្វាលគោ គង្វាលសត្វចិញ្ចឹម អ្នកនាំស្មៅ អ្នកនាំឧស អ្នកធ្វើការងារក្នុងព្រៃ ប្រហារស្តេចសត្វតាវ៉ៅសឈ្មោះបុណ្ណមុខៈនោះដោយកំណាត់ឈើ ដោយអម្បែង ដោយដៃ (ដោយដុំថ្ម) ដោយដុំដី ដោយដម្បង ដោយសាស្ត្រាវុធ ដោយដុំក្រួសទាំងឡាយ សូមកុំឲ្យតាវ៉ៅសឈ្មោះបុណ្ណមុខៈនេះ ប៉ះទង្គិចនឹងគុម្ពឈើ វល្លិ៍ ដើមឈើ មែកឈើ សសរ ដុំថ្មភ្នំ ឬក៏ពួកបក្សីមានកម្លាំងឡើយ។ ពួកបក្សីកញ្ញាចំនួន ៥០ ហើរអំពីខាងក្រោយៗ និយាយឆ្លើយឆ្លងគ្នាដោយពាក្យដ៏ស្រទន់ផូរផង់ពីរោះផ្អែមល្ហែម ដោយគិតថា សូមកុំឲ្យតាវ៉ៅសឈ្មោះបុណ្ណមុខៈ អផ្សុកលើទ្រនំឡើយ។ ពួកបក្សីកញ្ញាចំនួន ៥០ ហើរទៅគ្រប់ទិស នាំយកផ្លែឈើផ្សេងៗ ចំឡែកជាច្រើនយ៉ាង ដោយគិតថា សូមកុំឲ្យតាវ៉ៅសឈ្មោះបុណ្ណមុខៈនេះ លំបាកដោយការស្រេកឃ្លានឡើយ។
ID: 636873365036530045
ទៅកាន់ទំព័រ៖