ព្រះត្រៃបិដក ភាគ ៦១
គ្រានោះ ពួកហ្វូងបក្សីកញ្ញាទាំងនោះ ហើរនាំតាវ៉ៅសឈ្មោះបុណ្ណមុខៈអំពីសួនច្បារ ទៅកាន់សួនច្បារ អំពីឧទ្យានទៅកាន់ឧទ្យាន អំពីកំពង់ស្ទឹង ទៅកាន់កំពង់ស្ទឹង អំពីកំពូលភ្នំ ទៅកាន់កំពូលភ្នំ អំពីព្រៃស្វាយ ទៅកាន់ព្រៃស្វាយ អំពីព្រៃព្រីង ទៅកាន់ព្រៃព្រឹង អំពីព្រៃខ្នុរសម្ល ទៅកាន់ព្រៃខ្នុរសម្ល អំពីព្រៃដូង ទៅកាន់ព្រៃដូង ដើម្បីសេចក្តីសប្បាយរីករាយដោយឆាប់រហ័ស។ គ្រានោះឯង តាវ៉ៅសឈ្មោះបុណ្ណមុខៈ ដែលពួកបក្សីកញ្ញាទាំងនោះ បំរើឈូឆរអស់ថ្ងៃមួយ សរសើរយ៉ាងនេះថា ម្នាលនាងទាំងឡាយ ប្រពៃណាស់ៗ នាងទាំងឡាយ បំរើប្តីដោយហេតុណា ម្នាលនាងទាំងឡាយ ហេតុនោះឯង ជាកិច្ចដ៏សមគួរដល់នាងទាំងឡាយ ជាធីតាក្នុងត្រកូលហើយ។
[២៩៨] គ្រានោះ តាវ៉ៅសឈ្មោះបុណ្ណមុខៈ ចូលទៅរកកុណាលសកុណៈ (តាវ៉ៅខ្មៅ)។ បក្សីកញ្ញាជាអ្នកបំរើកុណាលសកុណៈ បានឃើញតាវ៉ៅសឈ្មោះបុណ្ណមុខៈនោះមកពីចម្ងាយ លុះឃើញហើយ នាំចូលទៅរកតាវ៉ៅសឈ្មោះបុណ្ណមុខៈ លុះចូលទៅដល់ហើយ និយាយពាក្យនេះនឹងតាវ៉ៅសឈ្មោះបុណ្ណមុខៈនោះថា បពិត្របុណ្ណមុខៈសម្លាញ់ កុណាលសកុណៈនេះ អាក្រក់ក្រៃលែង មានសំដីអាក្រក់ក្រៃលែង ពួកយើងសូមពឹងផ្អែកនូវលោក ក្រែងបានវាចាជាទីស្រឡាញ់ (អំពីកុណាលៈ)។
ID: 636873365233551314
ទៅកាន់ទំព័រ៖