ព្រះត្រៃបិដក ភាគ ៦១
តាវ៉ៅស ឆ្លើយតបថា ឱប្អូនស្រីទាំងឡាយ យ៉ាងនោះឬ ហើយក៏ចូលទៅរកកុណាលសកុណៈ លុះចូលទៅដល់ហើយ ក៏និយាយសំណេះសំណាល ជាមួយនឹងកុណាលសកុណៈ ហើយទំក្នុងទីដ៏សមគួរ។ លុះតាវ៉ៅសឈ្មោះបុណ្ណមុខៈ ទំក្នុងទីដ៏សមគួរហើយ និយាយពាក្យនេះនឹងកុណាលសកុណៈនោះថា នែកុណាលៈសម្លាញ់ ហេតុអ្វី អ្នកប្រតិបត្តិខុសចំពោះតាវ៉ៅញី ដែលមានជាតិល្អ ជាធីតាក្នុងត្រកូល ជាអ្នកប្រតិបត្តិល្អ នែកុណាលៈសម្លាញ់ ឮថា អ្នកគួរនិយាយសំដីជាទីពេញចិត្ត ទៅរកពួកតាវ៉ៅញី សូម្បីនិយាយសំដីមិនជាទីគាប់ចិត្ត នឹងបាច់និយាយថ្វីដល់ពួកតាវ៉ៅញី ជាសត្វនិយាយសំដីជាទីពេញចិត្ត។ កាលបើតាវ៉ៅសនិយាយយ៉ាងនេះហើយ កុណាលសកុណៈ ក៏បណ្តេញតាវ៉ៅសឈ្មោះបុណ្ណមុខៈនោះថា នែសំឡាញ់ ជាសត្វអាក្រក់ចង្រៃ អ្នកចូរចៀសចេញ នែសឡាញ់ជាសត្វអាក្រក់ចង្រៃ អ្នកចូរវិនាសទៅ នរណាឡើយ ជាអ្នកឈ្លាសវៃជាងអ្នក ជាអ្នកចាញ់ស្រី។ ចំណែកខាងតាវ៉ៅសឈ្មោះបុណ្ណមុខៈ ត្រូវកុណាលសកុណៈ បណ្តេញយ៉ាងនេះហើយ ក៏ត្រឡប់មកអំពីទីនោះវិញ។
[២៩៩] គ្រានោះឯង លុះសម័យខាងក្រោយមក កន្លងទៅមិនយូរប៉ុន្មាន តាវ៉ៅសឈ្មោះបុណ្ណមុខៈ មានជម្ងឺជាទម្ងន់។ មានវេទនាយ៉ាងខ្លាំង គឺរោគធ្លាក់ឈាម រៀបដល់នូវមរណៈ។
ID: 636873365451153760
ទៅកាន់ទំព័រ៖