ព្រះត្រៃបិដក ភាគ ៦១
ប្រុស ឈ្មោះថាជាទីស្រឡាញ់របស់ពួកស្រី មិនមាន ទាំងមិនជាទីស្រឡាញ់ក៏មាន ព្រោះថា ពួកស្រីទាំងនេះ តែងគប់រកបុរសជាទីស្រឡាញ់ ទាំងមិនស្រឡាញ់ ដូចទូកតែងចួបប្រទះទាំងច្រាំងខាងអាយ និងច្រាំងខាងនាយ។ ប្រុស ឈ្មោះថាជាទីស្រឡាញ់របស់ពួកស្រីមិនមាន ទាំងមិនជាទីស្រឡាញ់ក៏មិនមាន ពួកស្រីតែងរួបព័ទ្ធ (ប្រុស) ដើម្បីទ្រព្យសម្បត្តិ ដូចវល្លិ៍ តោងដើមឈើ។ ស្រីទាំងឡាយ តែងរត់តាមប្រុសឃ្វាលដំរី ឃ្វាលសេះ ឃ្វាលគោ ប្រុសចណ្ឌាល អ្នកដុតខ្មោច និងអ្នកចោលសម្រាមដែលមានទ្រព្យ។ ស្រីទាំងឡាយ តែងលះបង់នូវកូនអ្នកមានត្រកូល ដែលមិនមានទ្រព្យតិចតួច ទុកស្មើសាកសព នារីទាំងឡាយ (ច្រើនតែ) គប់រកប្រុស ព្រោះហេតុតែទ្រព្យ។
[៣១២] សេចក្តីដំណាលថា គ្រានោះ ទេវពា្រហ្មណ៍ឈ្មោះនារទៈ បានដឹងនូវគាថាជាខាងដើម កណ្តាល និងទីបំផុត របស់ស្តេចត្មាតឈ្មោះអានន្ទហើយ ក៏ពោលគាថាទាំងឡាយនេះក្នុងវេលានោះថា
បពិត្រលោកជាម្ចាស់នៃបក្សី សូមលោកស្តាប់ពាក្យដែលខ្ញុំនឹងនិយាយដូចតទៅនេះ ជន ៤ ពួកនេះគឺ សមុទ្រ ១ ព្រាហ្មណ៍ ១ ព្រះរាជា ១ ស្រី ១ រមែងមិនពេញ។ ស្ទឹងណាមួយដែលអាស្រ័យនូវប្រឹថពីដែលហូរទៅកាន់សាគរ ស្ទឹងទាំងនោះ ក៏ញ៉ាំងសមុទ្រឲ្យពេញមិនបាន ព្រោះថា សមុទ្ររមែងមិនពេញ ចេះតែនៅខ្វះខាត។
ID: 636873369770570816
ទៅកាន់ទំព័រ៖