ព្រះត្រៃបិដក ភាគ ៦១
ព្រាហ្មណ៍រៀននូវវេទ មានគម្ពីរឈ្មោះឥតិហាសៈ ជាគំរប់ ៥ ហើយតែងប្រាថ្នានូវការចេះដឹងឲ្យក្រៃលែង ព្រោះថា ព្រាហ្មណ៍នោះ រមែងមិនពេញ ចេះតែខ្វះខាត។ ចំណែកព្រះរាជាឈ្នះគ្រប់គ្រងផែនដីទាំងអស់ ព្រមទាំងសមុទ្រ និងភ្នំហើយ តែងប្រាថ្នារកច្រាំងសមុទ្រ និងផ្ទៃសមុទ្រ ដែលសម្បូរដោយរតនៈ មិនមានទីបំផុត ព្រោះថាព្រះរាជានោះ រមែងមិនគ្រប់គ្រាន់ ចេះតែខ្វះខាត។ ស្រីម្នាក់ៗ មានប្តីប្រាំបីៗ ហើយប្តីនោះ ជាអ្នកក្លៀវក្លាផង មានកម្លាំងផង នាំមកនូវរសនៃសេចក្តីប្រាថ្នាគ្រប់យ៉ាង ក៏គង់ធ្វើនូវសេចក្តីប្រាថ្នាក្នុងប្តីទី ៩ ទៀត ព្រោះថាស្រីនោះ រមែងមិនគ្រប់គ្រាន់ ចេះតែខ្វះខាត។ ពួកស្រីទាំងអស់ ដូចភ្លើងស៊ីនូវវត្ថុគ្រប់យ៉ាង ពួកស្រីទាំងអស់ ដូចស្ទឹងនាំទៅនូវវត្ថុគ្រប់យ៉ាង ពួកស្រីទាំងអស់ ដូចមែកឈើមានបន្លា ពួកស្រីទាំងអស់ គប់រក (ប្តី) ព្រោះហេតុតែទ្រព្យ។ នរជនណា ផ្ទុកផ្តាក់នូវភាព គឺការងារទាំងពួងលើពួកស្រី នរជននោះ ទុកដូចគេយកបណ្តាញចាប់ខ្យល់ ឬដូចគេបាចទឹកសមុទ្រដោយដៃម្ខាង ពុំនោះ ដូចគេយកដៃមួយ ទះឲ្យឮសូរគឹកកង។ ពួកស្រីដែលដូចជាចោរ មានពុតត្បុតច្រើន មានពាក្យសច្ចៈ គេរកបានដោយកម្រណាស់
ID: 636873369949011023
ទៅកាន់ទំព័រ៖